កម្ពុជា-ប៊ុលហ្គារី ឯកភាពគ្នាបង្កើតសភាពាណិជ្ជកម្មទ្វេភាគី
(ប៊ុលហ្គារី)៖ ប្រទេសទាំងពីរ បង្ហាញក្តីប្រាថ្នាចង់បង្កើតសភាពាណិជ្ជកម្មកម្ពុជា-ប៊ុលហ្គារី ទោះបីទំនាក់ទំនងធុរៈកិច្ចបច្ចុប្បន្នរវាងគ្នាមានតិចតួចក្តី ប៉ុន្តែការនាំចូល និងនាំចេញវាមានសក្តានុពលសំខាន់សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច ។
ការបញ្ជាក់នេះបានធ្វើឡើងនៅស្ថានទូតកម្ពុជាប្រចាំទីក្រុង Sofia ក្នុងជំនួបរវាង ឯកឧត្តមបណ្ឌិត ជា ច័ន្ទបូរីបូរណ៌ ឯកអគ្គរាជទូត កម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី និងលោក Maxim Behar ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យសេដ្ឋកិច្ចជាតិ និងពិភពលោក (UNWE) នាថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៥ ។ ភាគីទាំងពីរក៏បានពិភាក្សាលើប្រធានបទជាច្រើន ទាំងលើការអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគី វិស័យ ពាណិជ្ជកម្ម ការអប់រំ និងទេសចរណ៍ ។
ឯកឧត្តមបណ្ឌិត ជា ច័ន្ទបូរីបូរណ៌ និង លោក Maxim Behar បានព្រមព្រៀងគ្នាថា ប្រទេសប៊ុលហ្គារីអាចធ្វើជាច្រកទ្វាររបស់កម្ពុជាទៅកាន់អឺរ៉ុប និងសហភាពអឺរ៉ុប ខណៈដែលកម្ពុជាអាចដើរតួជាស្ពានរបស់ប៊ុលហ្គារីទៅកាន់អាស៊ី និង តំបន់អាស៊ាន។
លោក Maxim Behar ចាត់ទុកទំនាក់ទំនងនេះ ជាការកសាងស្ពានរវាងប៊ុលហ្គារី និងកម្ពុជា និងបង្ហាញគោលបំណងរបស់លោកក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងយល់ទីផ្សាររបស់ខ្លួន ជួបជាមួយមន្ត្រីមកពីក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងដាក់មូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចកាន់តែជិតស្និទ្ធ។
ឯកឧត្តមបណ្ឌិត ជា ច័ន្ទបរិបូរណ៌ បានចង្អុលបង្ហាញពីសក្តានុពលទេសចរណ៍របស់កម្ពុជា ទាំងធម្មជាតិ និងវប្បធម៌ និងដំណើរការបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិតេជោក្នុងរាជធានីភ្នំពេញនាខែកញ្ញានេះ ដែលនឹងបើកការហោះហើរត្រង់ទៅ និងមកពីអឺរ៉ុប ហើយត្រូវបានគេរំពឹងថានឹងជំរុញទេសចរណ៍យ៉ាងខ្លាំង។
ភាគីទាំងពីរបានព្រមព្រៀងថា នឹងជួបប្រជុំគ្នាម្តងទៀតនាពេលខាងមុខ ដើម្បីពិភាក្សាបន្ថែមអំពីលទ្ធភាពនៃការរៀបចំកិច្ចប្រជុំកម្រិតខ្ពស់រវាងមន្ត្រី ប៊ុលហ្គារី និងមន្ត្រីកម្ពុជាមកពីក្រសួងផ្សេងៗ ៕
ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ








