ប្រជាពលរដ្ឋខ្វះខាតចំនួន ៣០០គ្រួសារនៅស្រុកសូទ្រនិគម ទទួលអំណោយ​ពិសេសពីរាជរដ្ឋាភិបាល

សៀមរាប​៖ ប្រជាពលរដ្ឋខ្វះខាតចំនួន ៣០០គ្រួសារ ដែលរស់នៅឃុំពពេល, ឃុំតាយ៉ែក, ឃុំចាន់សរ និងឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាបកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ បានទទួលអំណោយជាពិសេសពី​រាជរដ្ឋា​ភិបាល​កម្ពុជា តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តសៀមរាប។

អំណោយដែលផ្តល់ជូនរួមមាន អង្ករ , មី, ភួយ , សារុងនិងកន្ទេល។ក្នុងឱកាស​នេះលោក នាក់ ណេរ៉ុន អភិបាលរង​ខេត្តសៀមរាបបានបញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជាបានយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់​ប្រជាពលរដ្ឋ គ្រ​ប់​ភូមិ​ភាគដោយ​មិនទុកពលរដ្ឋណាម្នាក់ចោលឡើយ។លោកអភិបាលរងខេត្ត ក៏បានអំពាវនាវឱ្យ​គ្រួសារដែលមាន​កូនចៅត្រលប់ពីប្រទេសថៃ ជំរុញឱ្យពួកគេចុះឈ្មោះសិក្សាវិជ្ជាជីវៈ​បច្ចេកទេស តាមវិទ្យាស្ថាន និងសាលា​នានា​ក្នុងក្រុងសៀមរាប ដើម្បីទទួលឱកាស​ការងារនិងចំណូលសម្រាប់គ្រួសារ។

លោក គង់ សំអឿន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា​ខេត្តសៀមរាប បានបញ្ជាក់ថា កម្មវិធី​ផ្ដល់អំណោយដល់ប្រជាពលរដ្ឋក្រីក្រ និងរង​គ្រោះដោយសារទឹកជំនន់ ឬស្ថានភាពជាសះស្បើយ គឺបានចាប់​ផ្ដើម​តាំងពី​ឆ្នាំ​២០២២។ កម្មវិធីនេះអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការ​ប្រយុទ្ធប្រឆាំងនឹង​ភាពក្រ និងគាំទ្រជីវភាពសង្គម ដោយចាត់ចែងជា ៣កម្រិត៖ កម្រិតធ្ងន់ (ប្រភេទ១), កម្រិតមធ្យម (ប្រភេទ២) និងកម្រិត​ស្រាល (ប្រភេទ៣)៕
ដោយ​៖ប៊ុន​រដ្ឋា

ads banner