ការបាញ់ប្រហារមកលើកម្ពុជាមុន ពីសំណាក់យោធាថៃ បង្កភាពភ័យខ្លាចដល់ពលរដ្ឋខ្មែរស្លូតត្រង់ ត្រូវពួនសម្ងំក្នុងលេណដ្ឋាន ដើម្បីការពារជីវិតពីគ្រាប់ផ្លោងរ​បស់ទាហានថៃ

(ភ្នំពេញ)៖ ការឈ្លានពាន និងបង្កហេតុ បាញ់ប្រហារមកលើកម្ពុជាមុន ពីសំណាក់យោធាថៃ បានបង្កការលំបាកដល់ពលរដ្ឋខ្មែរ ពិសេស បងប្អូនប្រជាពលរដ្ឋ ដែលរស់ជាប់ព្រំដែនកម្ពុជា-ថៃ ធ្វើឲ្យប្រជាពលរដ្ឋខ្មែរស្លូតត្រង់ ត្រូវមកពួនសម្ងំក្នុងលេណដ្ឋាន ដើម្បីការពារជីវិតពីការបាញ់គ្រាប់ផ្លោងរបស់ទាហានថៃ។

គួរបញ្ជាក់ថា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែកក្កដា ឆ្នាំ២០២៥ កងទ័ពថៃ បានវាយប្រហារឈ្លានពានមកលើកម្ពុជាមុន ជាហេតុបង្ខំឱ្យកងទ័ពកម្ពុជា គ្មានជម្រើសអ្វី ក្រៅតែពីវាយបកតបតទៅលើខ្មាំងសត្រូវឈ្លានពាន។

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបញ្ជាក់ថា ទាហានថៃគឺជាអ្នកឈ្លានពាន និងបាញ់ប្រហារមុនមកលើទាហានកម្ពុជា ដោយបង្ខំឱ្យទាហានកម្ពុជាត្រូវបាញ់តបតវិញ ដើម្បីការពារខ្លួន ។

សូមជម្រាបថា យោងតាមសេចក្តីថ្លែងការណ៍​របស់អ្នកនាំ​ពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ២០២៥ បានបញ្ជាក់យ៉ាងច្បាស់ពីពេលវេលា​ទៅតាមដំណាក់កាល​នីមួយ​ៗ​ ដែលភាគីថៃបាន​ឈ្លានពាន​មកលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ។

កំណត់ហេតុដែលបានចេញផ្សាយដោយក្រសួងការពារជាតិកម្ពុជា មានដូចខាងក្រោមនេះ៖

-ម៉ោងប្រមាណ ០៦:៣០នាទី ភាគីថៃបានចាប់ផ្តើមបង្កសកម្មភាព​បំពានលើកិច្ច​ព្រម​ព្រៀង​ដែល​បាន​ឯក​ភាពគ្នា ដោយឡើងលើប្រាសាទតាមាន់ធំ ហើយលបចូលរាយលួស​បន្លា​តាម​ជើង​ប្រាសាទ​

-ម៉ោង ០៧:០៤នាទី ភាគីថៃបានបង្ហោះដ្រូន រយៈពេល២នាទី

-ម៉ោង ០៨:៣០នាទី ភាគីថៃបានធ្វើការបាញ់ឡើងលើ

-ម៉ោង ០៨:៤៦នាទី កងទ័ពឈ្លាន​ពាន​ថៃ​បាន​បើក​ការ​បាញ់ប្រហារមុនមក​លើ​កង​ទ័ព​កម្ពុជា​នៅ​តំបន់​ប្រាសាទ​តាមាន់ធំ និងឈានទៅបាញ់ប្រហារ នៅប្រាសាទតាក្របី តំបន់ភ្នំខ្មោច និង​បាន​ពង្រីក​ភូមិ​សាស្រ្តនៃការវាយប្រហារទៅដល់តំបន់មុំបី រួមទាំងប្រើប្រាស់​យន្តហោះ​ចម្បាំង​ទម្លាក់​ចំនួន​០២គ្រាប់ នៅផ្លូវវត្តកែវសិក្ខាគីរីស្វារៈ ដែល​កង​ទ័ព​កម្ពុជា​បាន​នឹង​កំពុង​ឈរ​ជើង​ការ​ពារ​បូរ​ណ​ភាព​​ទឹកដីរបស់ខ្លួនក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។

-ម៉ោង ០៨:៤៧នាទី កងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា គ្មាន​ជម្រើស​អ្វី​ក្រៅពី​ប្រើប្រាស់​សិទ្ធិ​ការពារ​ខ្លួនក្នុង​ដែនអធិបតេយ្យ និងបូរណភាពទឹក​ដី​របស់​ខ្លួន​ប្រឆាំង​នឹង​ការ​ឈ្លាន​ពាន​របស់​ទាហាន​ថៃ​ដែល​បានបំពានលើបូរណភាពទឹកដីកម្ពុជា។

តាមរយៈសេចក្ដីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការពារជាតិបាន​បញ្ជាក់ដែរថា ការ​ប្រើ​ប្រាស់​សព្វា​វុធ​​ធន់​ធ្ងន់​គ្រប់​ប្រភេទ​របស់​ប្រទេស​ថៃ និងការដាក់ពង្រាយទាហាន ដ៏ច្រើនលើសលុប ដើម្បី​ទន្ទ្រាន​យក​ទឹកដីកម្ពុជា គឺជាការ​រំលោភ​យ៉ាង​ច្បាស់​ក្រឡែតចំពោះធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញ​អាស៊ាន និងគោល​ការណ៍​ជា​មូលដ្ឋា​ននៃ​ច្បាប់អន្តរជាតិ។ សកម្មភាព​ដែល​គ្មាន​ការ​ទទួល​ខុស​ត្រូវ និងខុសច្បាប់បែបនេះ ប​ង្ក​គ្រោះ​ថ្នា​ក់យ៉ាងធ្ងន់ធ្ងរបំផុតមិនត្រឹមតែសម្រាប់សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់ប៉ុណ្ណោះទេ ប៉ុន្តែ​ថែម​ទាំង​មូល​ដ្ឋានគ្រឹះនៃសណ្តាប់ធ្នាប់អន្តរជាតិផងដែរ។

កម្ពុជា អំពាវនាវឱ្យសមាជិកសហគមន៍អន្តរជាតិ ថ្កោល​ទោស​ដោយ​មិនស្ទាក់ស្ទើរ និង​យ៉ាង​ម៉ឺង​ម៉ាត់ ​ចំពោះសកម្មភាពខុសច្បាប់របស់ថៃ ហើយ​ត្រូវ​ឱ្យ​ភាគី​ថៃ​ទទួលខុស​ត្រូវ​ទាំង​ស្រុង​ចំពោះ​ការ​រំលោភ​បំពាន​ដ៏​កម្រោលរបស់ខ្លួន។ កម្ពុជា ​អំពាវ​នាវ​ឱ្យ​ថៃ​បញ្ឈប់​រាល់អរិភាពជាបន្ទាន់ ដក​កម្លាំង​ទៅ​ខាង​ព្រំដែនរបស់ខ្លួន និងជៀស​វាង​សកម្ម​ភាព​ឈ្លាន​ពាន​ដែល​អាចធ្វើឱ្យស្ថាន​ការណ៍​កាន់​តែ​តាន​តឹង ​៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner