មេធំ OpenAI ព្រមានពីវិបត្តិក្លែងបន្លំសំឡេង AI នៅក្នុងធនាគារ
បរទេស ៖ លោក Sam Altman មេធំរបស់ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក OpenAI បានព្រមានពីវិបត្តិក្លែងបន្លំសំឡេង បញ្ញាសិប្បនិម្មិត ឬ AI នៅក្នុងធនាគារ ដោយសារតែសមត្ថភាព ក្នុងការក្លែងបន្លំធ្វើជាមនុស្ស ដើម្បីចៀសវាង ពីការត្រួតពិនិត្យសុវត្ថិភាព និង ផ្ទេរប្រាក់។
ថ្លែងនៅក្នុងសន្និសីទរបស់ធនាគារកណ្តាលអាមេរិក នៅក្នុងទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃអង្គារទី២២ ខែកក្កដា
នាយកប្រតិបត្តិ រូបនេះ បានព្រមានដល់ស្ថាប័នហិរញ្ញវត្ថុមួយចំនួន នៅតែប្រើប្រាស់បច្ចេកវិទ្យា Voiceprinting សម្រាប់ការផ្ទៀងផ្ទាត់ ហើយ នោះ ជាអ្វីដែល AI អាចធ្វើជំនួសបាន ទាំងស្រុង។
ទីភ្នាក់ងារព័ត៌មាន AP បានចេញផ្សាយថា Voiceprinting ជាការកំណត់អត្តសញ្ញាណ សម្រាប់អតិថិជនធនាគារ ដែលមានទ្រព្យសម្បត្តិ ទទួលបានប្រជាប្រិយភាព ជាងមួយទសវត្សរ៍មុន ដោយអតិថិជន ជាធម្មតា បានស្នើសុំឱ្យបញ្ចេញមុខងារនេះ ចូលទៅក្នុងទូរស័ព្ទ ដើម្បីចូលប្រើគណនី ផ្ទាល់ខ្លួន ផងដែរ។
ជាក់ស្តែង ប្រព័ន្ធ AI កំពុងអង្រួនពិភពលោកខ្លាំង ជាពិសេស បង្កើតជាវីដេអូ ឬ សម្លេងដូចមនុស្សពិតៗ ដែលអាចឲ្យមនុស្សចាញ់បោក។
ជុំវិញរឿងបញ្ហានេះ លោកស្រី Michelle Bowman ជានិយតករហិរញ្ញវត្ថុកំពូល របស់ធនាគារកណ្តាលអាមេរិក ដែលកំពុងរៀបចំកិច្ចពិភាក្សាជាមួយ លោក Altman បាននិយាយថា ការណ៍នេះប្រហែលជា យើងអាចគិតគូរ អំពីការចាប់ដៃគូសហការ ទប់ស្កាត់ កុំឲ្យការក្លែងបន្លំនេះ កាន់តែរីករាលដាល ថែមទៀត៕
ប្រភពពី AP ប្រែសម្រួល៖ សារ៉ាត