កម្ពុជា បានជូនដំណឹងត្រឹមត្រូវទៅកាន់ភាគីថៃពីការទម្លាក់កម្រិតទំនាក់ទំនងទូត ខុសពីថៃដែលគឃ្លើនមិនអនុវត្តតាមគោលការណ៍ច្បាប់អន្តរជាតិ

(ភ្នំពេញ)៖ ការប្រព្រឹត្តរបស់រដ្ឋាភិបាលថៃ ក្នុងការទម្លាក់ កម្រិត ទំនាក់ទំនងការទូតរវាងប្រទេសទាំង២គឺថៃ-កម្ពុជា មិនបានធ្វើឱ្យមានភាពសមស្របណាមួយ ទៅតាមច្បាប់ទម្លាប់អនុវត្តជាអន្តរជាតិ ដែលមានកំណត់នៅក្នុងសន្ធិសញ្ញា ទី ក្រុង វីយែន ស្តីពីទំនាក់ទំនងការទូតសោះឡើយ។

គួរបញ្ជាក់ថា ការលើកឡើងបែបនេះធ្វើឡើងដោយ ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ២០២៥ បន្ទាប់ពីមានការផ្ទុះអាវុធរវាងកម្ពុជា-ថៃ បានកើតឡើង នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥រួចមក។

ឯកឧត្តម ជុំ សុន្ទរី ថ្លែងថា ៖ នៅថ្ងៃទី២៣ ខែ កក្កដា ឆ្នាំ ២០២៥ ក្នុងជម្លោះព្រំដែនជាមួយកម្ពុជា រដ្ឋាភិបាលថៃ បានធ្វើការប្រកាសជាសាធារណៈអំពីការទម្លាក់កម្រិតទំនាក់ទំនងការទូតនេះ តែប្រទេសមួយនេះពុំបានជូនព័ត៌មានជាផ្លូវការតាមរយៈកំណត់ទូតមកក្រសួងការបរទេស កម្ពុជានោះឡើយ ។ គោលដៅដែលប្រទេសនេះធ្វើក៏មិនមានអង្គហេតុ និង អង្គច្បាប់ ហើយរបៀបអនុវត្តក៏មិនស្របតាមគោលការណ៍អន្តរជាតិថែមទៀត។

ឯកឧត្តម ជុំ សុន្ទរី បានឱ្យដឹងដែរថា”ជាការឆ្លើយតប រាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្រេចទំនាក់ទំនងកម្រិតការទូត រវាងប្រទេសទាំងពីរ ឱ្យមកនៅទាបបំផុត ត្រឹមលេខាទី២ ។ យើងពុំមានជម្រើសអ្វីក្រៅពី ឆ្លើយតបនូវអ្វីដែលរដ្ឋាភិបាលថៃបានប្រព្រឹត្តចំពោះយើងឡើយ ក៏ប៉ុន្តែយើងបានជូនព័ត៌មាន ដែលត្រឹមត្រូវតាមរយៈកំណត់ទូតរបស់ក្រសួងការបរទេស ទៅកាន់ភាគីថៃ”។

សូមជម្រាបដែរថា សន្និសីទសារព័ត៌មាននេះរៀបចំឡើងបន្ទាប់ពីមានការផ្ទុះអាវុធរវាងកម្ពុជា-ថៃ បានកើតឡើង នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ នៅចំណុចប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ ដោយបានរាលដាលទៅកាន់ចំណុចផ្សេងៗទៀត នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

គួរបញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយនានារបស់ថៃដែលបានដកស្រង់មន្រ្តីរដ្ឋាភិបាលរបស់ប្រទេសខ្លួន ដោយចុះផ្សាយថា «ថៃបានសម្រេចចិត្តទម្លាក់កម្រិតការទូតជាមួយកម្ពុជា ដោយកោះហៅ ឯកអគ្គរាជទូតថៃពីកម្ពុជា និងបណ្តេញឯកអគ្គរាជទូតកម្ពុជាចេញពីទីក្រុងបាងកក។

ជាការឆ្លើយតប រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចទម្លាក់កម្រិតទំនាក់ទំនងការទូតកម្ពុជាថៃ ឱ្យមកនៅទាបបំផុត ត្រឹមលេខាទី២ និងដកមន្ត្រីផ្សេងទៀតទាំងអស់ ដែលបម្រើការងារនៅ ស្ថានទូតកម្ពុជាក្នុងទីក្រុងបាងកក ឱ្យត្រឡប់មកប្រទេសកម្ពុជាវិញ និងតម្រូវឱ្យមន្ត្រីទូតថៃ កែសម្រួលចេញពីកម្ពុជាដូចគ្នា៕

ដោយ ៖ ម៉ាដេប៉ូ
រូបភាព ៖ លោក វេង លឹមហួត

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner