ភាពតានតឹងនៅមជ្ឈិមបូព៌ាអាចនឹងកើនឡើងមួយកម្រិតទៀត ខណៈសហរដ្ឋអាម៉េរិកគ្រោងបញ្ជូនកងទ័ពជាង១០០.០០០នាក់ទៅទីនោះ
សហរដ្ឋអាម៉េរិក៖ សារព័ត៌មាន New York Times បានរាយការណ៍ថា មន្ទីរបញ្ចកោណមានផែនការបញ្ជូនកងទ័ព១២០.០០០នាក់ទៅកាន់តំបន់មជ្ឈិមបូព៌ា ក្នុងករណីដែលអ៊ីរ៉ង់សម្រេចចិត្តអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរឡើងវិញ ឬក៏បើកការវាយប្រហារណាមួយលើកងកម្លំាងអាម៉េរិក និងសម្ព័ន្ធមិត្តខ្លួននៅក្នុងតំបន់ ។
ការចុះផ្សាយដូច្នេះរបស់សារព័ត៌មានអាម៉េរិកនេះ ត្រូវបានធ្វើឡើងដោយផ្អែកលើការលើកឡើងរបស់រដ្ឋមន្ត្រីការពារជាតិស្ដីទីអាម៉េរិក លោក Patrick Shanahan ក្នុងអំឡុងកិច្ចប្រជុំមួយរបស់ក្រុមមន្ត្រីទីប្រឹក្សាសន្តិសុខជាតិកំពូលៗ របស់លោក ដូណាល់ ត្រាំ នៅឯសេតវិមានកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន ។
ពាក់ព័ន្ធនឹងភាពតានតឹងរវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់នេះដែរ ក្រុមមន្ត្រីការទូតកំពូលអឺរ៉ុបបានធ្វើការអំពាវនាវឲ្យទីក្រុងវ៉ាស៊ីនតោន មានការអត់ធ្មត់ជាអតិបរាមា ដើម្បីបញ្ជៀសរាល់សកម្មភាពបង្កគ្រោះថ្នាក់ និងអស្ថេរភាពនៅក្នុងតំបន់មជ្ឈិមបូព៌ា ៕ធ.ដ