អ្នកនាំពាក្យក្រសួងការពារជាតិ៖ថៃចាប់ផ្តើមប្រើគ្រាប់បែកចង្កោម​ជាការល្មើស​ច្បាប់អន្តរជាតិ និងបង្ហាញភាពឃោឃៅពីការសម្លាប់មនុស្សគ្មានញញើតដៃ​សោះឡើយ

(ភ្នំពេញ)៖ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជា​អ្នក​នាំ​ពាក្យក្រសួងការពារជាតិបានថ្លែងថាថៃបានចាប់ផ្តើមវាយប្រហារ​គ្រាប់បែក​ចង្កោមមកលើកម្ពុជាចាប់ពីព្រឹកថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២៥នេះដែលបង្ហាញ​ពី​ការល្មើសច្បាប់អន្តរជាតិ និងឃោឃៅពីការសម្លាប់មនុស្សគ្មានញញើត​សោះឡើយ ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ លោកជំទាវ​ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតាបានឱ្យដឹងថានៅព្រឹកថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២៥នេះ នៅវេលាម៉ោង៣,២០នាទីទាបភ្លឺ ថៃបានវាយប្រហារ​គ្រាប់បែកចង្កោមមកលើតំបន់ភ្នំខ្មោច តាថាវ និងភ្នំ៣៣៣។ នៅវេលាម៉ោង ៥,២៥នាទីថៃបានប្រើគ្រាប់បែកចង្កោមវាយប្រហារមកលើតំបន់ភ្នំខ្មោច ។ម៉ោង ៥,៣០នាទីថៃ បានចាប់ផ្តើមវាយប្រហារនៅប្រាសាទតាមាន់ និងប្រាសាទតាក្របី ,នៅវេលាម៉ោង៥,៤០នាទីថៃចាប់ផ្តើមវាយប្រហារនៅតំបន់មុំ៣ ,នៅវេលាម៉ោង ៦,៥០នាទីថៃបានបាញ់គ្រាប់បែកចង្កោម លើកទី២នៅភូមិ តេជោធម្មជាតិ ស្រុក ជាំក្សាន្ត ខេត្តព្រះវិហារ ,វេលាម៉ោង៧,០៣នាទីថៃបាញ់ចូលគោលដៅជាំក្សាន្ត​ផងដែរ ។ សម្រាប់នៅពេលវេលាម៉ោង ៨,០០នាទី ថៃបានព្យាយាម​វាយប្រហារ​ដណ្តើម​យកប្រាសាទតាក្របីវិញប៉ុន្តែកងកម្លាំងរបស់យើងបានតស៊ូយ៉ាងស្វិតស្វាញ ហើយ​ប្តេជ្ញា​ការពារឱ្យ​ខាន​តែបាន មិនឱ្យការរំលោភបំពានមកលើដែនអធិបតេយ្យ​ភាព​​កម្ពុជា​បានឡើយ។

លោកជំទាវបានថ្លែងដែរថាថៃចាប់ផ្តើមប្រើគ្រាប់បែកចង្កោមវាយសន្ធាប់ដោយចេតនាដ៏ខុសច្បាប់មកលើទឹកដីកម្ពុជា។ភាពរំលោភដ៏កម្រោល នេះគឺជាការរំលោភយ៉ាង​ធ្ងន់ធ្ងរចំពោះច្បាប់អន្តរជាតិនៃអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម។ការប្រើប្រាស់​អាវុធ​បែបនេះមិនត្រឹមតែបង្ហាញពិភាពឃោឃៅនិងអនុមនុស្សធម៌របស់ថៃប៉ុណ្ណោះទេតែវាជាការឆ្លុះបញ្ចាំងឱ្យមើលឃើញថាប្រទេសមួយនេះមិនខ្លាចរអាច្បាប់អន្តរជាតិសោះឡើយ៕

ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner