សិង្ហបុរីជំរុញឱ្យមានការអត់ធ្មត់ ខណៈជម្លោះព្រំដែនកម្ពុជា-ថៃកាន់តែឡើងកំដៅ
សិង្ហបុរី ៖ អ្នកនាំពាក្យក្រសួងការបរទេស (MFA) បាននិយាយនៅថ្ងៃទី២៤ ខែកក្កដាថា ប្រទេសសិង្ហបុរីបានអំពាវនាវឱ្យកម្ពុជា និងថៃមានការអត់ធ្មត់ខ្ពស់ ចំពេលមានភាពតានតឹងកើនឡើងរវាងប្រទេសជិតខាងអាស៊ីអាគ្នេយ៍ទាំងពីរ។
ការទទូចបែបនេះរបស់សិង្ហបុរី កើតឡើងបន្ទាប់ពីកងកម្លាំងយោធាថៃបានបើកការវាយប្រហារលើកម្ពុជាមុន នៅតាមបណ្តោយព្រំដែនរួមរបស់ប្រទេសជិតខាងទាំងពីរ ដែលនេះជម្លោះទឹកដីដ៏ខ្លាំងក្លា ដែលបានអូសបន្លាយពេលជាយូរមកហើយ។
អ្នកនាំពាក្យក្រសួងការបរទេស (MFA) បានបញ្ជាក់យ៉ាងដូច្នេះថា សិង្ហបុរីមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការប៉ះទង្គិចគ្នារវាងកម្ពុជា-ថៃ ហើយសូមអំពាវនាវឱ្យប្រទេសទាំងពីរអនុវត្តការអត់ធ្មត់ខ្ពស់ និងបញ្ឈប់អរិភាព។
ជាមួយគ្នានេះ សិង្ហបុរីទទូចឱ្យភាគីជម្លោះទាំងពីរបន្ធូរបន្ថយភាពតានតឹង តាមរយៈមធ្យោបាយការទូត និងធានាសុវត្ថិភាពរបស់ជនស៊ីវិលទាំងអស់។
ទន្ទឹមគ្នា ក្រសួងក៏បានណែនាំដល់ប្រជាជនសិង្ហបុរីឱ្យពន្យារពេលធ្វើដំណើរទាំងអស់ទៅកាន់តំបន់ព្រំដែនរបស់ប្រទេសទាំងពីរ។
បន្ថែមលើនេះ ប្រជាជនសិង្ហបុរីនៅកម្ពុជា និងថៃក៏គួរតែតាមដានព័ត៌មានឱ្យបានដិតដល់ គោរពតាមការណែនាំរបស់រដ្ឋាភិបាលក្នុងតំបន់ និងរក្សាការប្រុងប្រយ័ត្នចំពោះសុវត្ថិភាពផ្ទាល់ខ្លួន។ ក្រសួងថា រហូតមកទល់ពេលនេះ មិនទាន់មានរបាយការណ៍អំពីជនជាតិសិង្ហបុរីរងរបួសនៅក្នុងការប៉ះទង្គិចគ្នានៅតាមព្រំដែននៅឡើយទេ៕



ប្រភព ៖ CNA ប្រែសម្រួល ៖ ឈឹម ទីណា