ឯកឧត្តម ហ៊ុន ម៉ានី ៖ ការបំផុសឱ្យមានការផ្តល់ឈាម គឺជាការត្រៀមបម្រុង សូមកុំឱ្យមានការលើកឡើងថា យើងមានការប៉ះទង្គិចហើយត្រូវការឈាមច្រើន

(ភ្នំពេញ)៖ ការបំផុសឱ្យមានការផ្តល់ឈាមនៅក្នុងថ្ងៃនេះគឺជាការប្រុងត្រៀមបម្រុងជាយថាហេតុបើមានភាពចាំបាច់ សូមកុំឱ្យមានការលើកឡើងថាយើងមានការប៉ះទង្គិចហើយត្រូវការឈាមច្រើនដែលឈានទៅដល់ឱ្យលោកជំទាវទី១ អំពាវនាវឱ្យមានការចូលរួមបរិច្ចាកឈាម។ អ្វីក៏ដោយគឺយើងត្រូវស្ថិតនៅក្នុងផែនការត្រៀមបម្រុង ជាយថាហេតុទាំងអស់ មិនរង់ចាំមានបញ្ហាហើយទើបយើងទៅរកនោះទេ ដោយបម្រើឱ្យគោលដៅពីរទី១ បើយថាហេតុចាំបាច់នៅក្នុងពេលបច្ចុប្បន្ននេះអត់មាននោះទេ តែនៅខាងមុខប្រសិនបើមានយថាហេតុណាមួយកើតឡើង យើងមាននៅក្នុងដៃដើម្បីជួយភ្លាមៗតែម្តង។

នេះជាការលើកឡើងរបស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសារធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ផ្តល់លបទសម្ភាសន៍ ដល់អ្នកសារព័ត៌មានក្នុងឱកាសអញ្ជើញសួរសុខទុក្ខ និងពិនិត្យមើលការចូលរួមបរិច្ចាកឈាមពីបងប្អូនប្រជាពលរដ្ឋក្មេងចាស់ ប្រុសស្រី នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ នៅមជ្ឈមណ្ឌលសន្និបាត និងមហោស្រព កោះពជ្រ រាជធានីភ្នំពេញ។

ឯកឧត្តម ហ៊ុន ម៉ានី បន្ថែមថា ការបរិច្ចាគឈាមនៅថ្ងៃនេះ ក៏អាចយកទៅជួយដល់ប្រជាពលរដ្ឋដ៏ទៃដែលមានគ្រោះផ្សេងៗ មានបញ្ហាត្រូវការឈាមក៏យើងអាចចូលរួមចំណែកផងដែរ។

ឯកឧត្តម ហ៊ុន ម៉ានី បន្តថា លើសពីការផ្តល់ឈាមវត្តមានរបស់បងប្អូនប្រជាពលរដ្ឋគឺជាកំលាំងចិត្តហើយជាសំឡេងនៃស្មារតីរួម ដែលជាខឿនការពារជាតិប្រជាជន ក្នុងការគាំទ្រ ទៅលើរាជរដ្ឋាភិបាល និង កងកំលាំងប្រដាប់អាវុធ ដែលឈរជើងដ៏អង់អាចក្លាហាន ជាពិសេសមកដល់ម៉ោងនេះ ជាថ្ងៃទី២ ដែលខាងយោធាថៃបានវ៉ៃ និងឈ្លានពានចូលមកទឹកដីកម្ពុជា។

គួរបញ្ជាក់ផងដែរថា ការចូលរួមបរិច្ចាគឈាមនៅថ្ងៃនេះ ដែរមានការចូលរួមពីប្រជាពលរដ្ឋយ៉ាងច្រើនកុះករ តបតាមការអំពាវនាពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ស្រ្តីទី១ កាលពីយប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ថា ក្នុងបុព្វហេតុមនុស្សធម៌ និង ទឹកចិត្តស្នេហាជាតិមាតុភូមិ រួមទាំងការគាំទ្រដល់យុទ្ធជនកម្ពុជាដែលកំពុងការពារបូរណភាពទឹកដីចំពោះសត្រូវឈ្លានពាន, សូមបងប្អូនប្រជាពលរដ្ឋមេត្តាចូលរួមបរិច្ចាគឈាមឱ្យបានច្រើនគ្នាដើម្បីត្រៀមនៅពេលបន្ទាន់ណាមួយ ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ០៩.០០ ព្រឹក រហូតដល់ម៉ោង ១៧.០០ ល្ងាច នៅកោះពេជ្រ អគារ JKL។ ការបរិច្ចាគឈាមនេះ គឺមានការរៀបចំ និងសម្របសម្រួលដោយក្រុមគ្រូពេទ្យTHYDA និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម រួមជាមួយនិងអាជ្ញាធរដែនដីផងដែរ៕

អត្ថបទ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner