អ្នកនាំពាក្យក្រសួងការពារជាតិ៖ កម្ពុជាថ្កោលទោសដាច់អហង្កា ចំពោះអំពើឈ្លានពានទាំងកម្រោល និង ការប្រើប្រាស់គ្រាប់បែកចង្កោមដ៏ព្រៃផ្សៃរបស់ថៃមកលើអធិបតេយ្យរបស់កម្ពុជា
(ភ្នំពេញ)៖ កម្ពុជា សូមថ្កោលទោសដា់ច់អហង្កា ចំពោះអំពើឈ្លានពានប្រដាប់អាវុធ របស់កងទ័ពថៃ ដែលបង្កឱ្យមានការប្រយុទ្ធគ្នាធ្វើឱ្យប៉ះពាល់ដល់បញ្ហាសន្តិភាព ស្ថេរភាព តាមខ្សែបន្ទាត់ព្រំដែន រំលោភបំពានអធិបតេយ្យកម្ពុជា គំរាមកំហែងក្នុងតំបន់ និង ខុសច្បាប់អន្តរជាតិ ។
លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ ថ្លែងក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៥នេះ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានឱ្យដឹងថា ៖ ចាប់តាំងតែពីព្រឹកថ្ងៃទី២៥ ខែកក្កដា វេលាម៉ោង៣,២០នាទីទាបភ្លឺ សភាពការវាយប្រហារយ៉ាងគឃ្លើនរបស់ភាគីថៃមកលើដែនអធិបតេយ្យកម្ពុជា គឺ ភាគីថៃបានវាយលុកចំនួន ៧ទីតាំង តំបន់ភ្នំខ្មោច តំបន់ អូកាស្នេហ នៅអានសេះ តំបន់មុំបី ប្រាសាទមាន់ធំ ប្រាសាទតាក្របី ។ នៅក្នុងទម្រង់នៃការវាយប្រហាររបស់ប្រទេសឈ្លានពានមួយនេះ គឺបានវាយប្រហារដោយកាំភ្លើងផ្លោង ការប្រើប្រាស់យន្តហោះទម្លាក់គ្រាប់បែក F16 ការប្រើប្រាស់រថក្រោះបាញ់សង្រ្គប់ ការប្រើដ្រូនទម្លាក់គ្រាប់ ។ ជាងនេះទៅទៀតការប្រើប្រាស់គ្រាប់បែកចង្កោមតែម្តង។
អ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាក់ដែរថា៖ សកម្មភាពក្នុងការប្រើប្រាស់អាវុធធន់ធ្ងន់វាយលុកមកលើទឹកដីកម្ពុជា ថៃ បានប្រើប្រាស់យន្តហោះ F16 ទម្លាក់គ្រាប់បែកចំនួន ៤លើក លើកទី១នៅប្រាសាទព្រះវិហារ វត្តកែវសិក្សាគិរីស្វារៈ ចំនួន ៣លើក និង តំបន់ប្រាសាទតាក្របីចំនួន ១លើក ។
លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានឱ្យដឹងដែរថា”អំពើយ៉ាងយង់ឃ្នងរបស់ភាគថៃ គិតចាប់ពីព្រឹកថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៥រហូតមកដល់ពេលនេះឃើញថាគោលដៅ ដែលថៃបានធ្វើការវាយប្រហារ គឺបានចំគោលដៅប្រជាពលរដ្ឋ រស់នៅក្នុងនេះមានដូចជាក្នុងក្រុងសំរោង ខេត្ត ឧត្តរមានជ័យ ដែលបង្កការប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋ ពិសេសមានអ្នករងរបួស ក្នុងនោះមានមនុស្សចាស់ និងកូនក្មេង។ អ្វីដែលបង្កការប៉ះពាល់ធ្ងន់ធ្ងរជាងនេះ គឺប៉ះពាល់ដល់កុមារថែមទៀត។ ជាមួយគ្នាបានបង្កការខូចខាតដល់ស្ថានីយឥន្ធនៈក្រុងសំរោង ខូចខ្ទេចខ្ទីទាំងស្រុង”។
អ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាក់បន្ថែមថា”អំពើឈ្លានពាននេះបានបង្កឱ្យប្រជាពលរដ្ឋត្រូវធ្វើការជម្លៀសពីលំនៅដ្នាន របស់ខ្លួន។ លើសពីនេះក្នុងថ្ងៃទី២៥ ដដែលនេះមានការបំផ្លោងកាំភ្លើងធំចំនួន ៤គ្រាប់ចូលទៅក្នុងទីធ្លាសាលាបឋមសិក្សាមនោរម្យ ក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ”។
លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងដែរថា ជាមួយនឹងអំពើយង់ឃ្នង និងព្រៃផ្សែរបស់ភាគីថៃ កម្ពុជា សុំធ្វើការថ្កោលទោស យ៉ាងម៉ឺងម៉ាត់បំផុតចំពោះការប្រើប្រាស់គ្រាប់បែកចង្កោម ដ៏ច្រើនសន្ធឹកសន្ធាប់ ដោយចេតនា និង ខុសច្បាប់ មកលើទឹកដីកម្ពុជា ។
អំពើឈ្លានពានដ៏កំរោល គ្មានទំនួលខុសត្រូវ និង បំពានយ៉ាងធ្ងន់ធ្ងរដល់ច្បាប់អន្តរជាតិនេះយើងឃើញថា មិនអាចទទួលយកបាន និងមិនអាចអត់ឱនឱ្យបានសោះឡើយ។ វាបានបង្កការប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដែលបានដាក់ពង្រាយគ្រាប់បែកចង្កោម បង្កការគំរាមកំហែង យូរអង្វែងដល់ជនស៊ីវិល និងបរិស្ថាន គឺជាឧក្រិដ្ឋកម្មសង្ដ្រាមក្រោមច្បាប់ អន្តរជាតិដែលបំផ្លិតបំផ្លាញ សន្តិភាព និងសន្តិសុខក្នុងតំបន់ ៕
ដោយ ៖ ម៉ាដេប៉ូ
