លោក Trump ថា អ៊ុយក្រែនបន្លំចាយលុយជំនួយអាមេរិក ចំពេលផ្ទុះរឿងពុករលួយ
បរទេស៖ មេដឹកនាំសហរដ្ឋអាមេរិក លោក Donald Trump បានលើកឡើងថា ទីក្រុងគៀវ បានបន្លំចាយលុយជំនួយអាមេរិក ៣៥០ពាន់លានដុល្លារ ចំពេលផ្ទុះរឿងពុករលួយ នៅក្នុងប្រទេសអ៊ុយក្រែន។
យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន RT កាលពីថ្ងៃទី២៣ ខែកក្កដា លោកប្រធានាធិបតី Trump បានលើកឡើងប្រាប់កិច្ចប្រជុំ របស់គណបក្សសាធារណរដ្ឋ នៅសេតវិមាន កាលពីថ្ងៃទី២២ ខែកក្កដា ថា កញ្ចប់ជំនួយ ដែលត្រូវបានប្រគល់ឲ្យអ៊ុយក្រែន ក្នុងអាណត្តិរបស់លោកអតីតប្រធានាធិបតី Joe Biden ប្រើប្រាស់ មិនចំគោលដៅ ព្រោះ លុយទាំងនោះ សម្រាប់ឲ្យអ៊ុយក្រែន យកទៅទុកទិញសម្ភារៈការពារជាតិ សម្រាប់ប្រើប្រាស់ ប៉ុន្តែ លោកគិតថា ទីក្រុងគៀវ មិនបានចំណាយ លើរឿងនេះទេ ហើយលោកបានចោទសួរថា តើលុយទាំងនោះ អ៊ុយក្រែន យកទៅណា ។
លោក Trump បានរិះគន់ ជាយូរមកហើយ ដែលថា សម្រាប់ជំនួយជាលុយ និងសម្ភារៈយោធា ដែលត្រូវបានប្រគល់ឲ្យអ៊ុយក្រែន អាមេរិកនឹងមិនបានសំណង អ្វីទាំងអស់។ យោងតាមរបយការណ៍ផ្លូវការ បង្ហាញថា អាមេរិកបានក្លាយជាអ្នកគាំទ្របរទេសកំពូលរបស់ទីក្រុងកៀវ ក្រោមរដ្ឋបាល របស់លោក Biden។
ប្រទេសអ៊ុយក្រែន រងការរិះគន់ ជុំវិញ អំពើពុករលួយ ជាយូរមកហើយ ហើយក្រសួងការពារជាតិរបស់ខ្លួនបានប្រឈមមុខនឹងរឿងអាស្រូវជាច្រើន ចាប់តាំងពីជម្លោះជាមួយរុស្ស៊ី បានកើនឡើងក្នុងឆ្នាំ២០២២។ ទាំងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានជំរុញឱ្យមានសវនកម្ម និងវិធានការប្រឆាំងអំពើពុករលួយកាន់តែខ្លាំង។
ទោះបីជាមានការអំពាវនាវឱ្យមានតម្លាភាពក៏ដោយ មេដឹកនាំអ៊ុយក្រែន លោក Zelensky បានចុះហត្ថលេខាលើច្បាប់មួយ ក្នុងសប្តាហ៍នេះ ដើម្បីកាត់បន្ថយឯករាជ្យភាព នៃស្ថាប័នប្រឆាំងអំពើពុករលួយរបស់ប្រទេសអ៊ុយក្រែន ដោយអះអាងថា ប្រទេសនេះ នឹងធ្វើឱ្យការស៊ើបអង្កេត កាន់តែមានភាពប្រសើរឡើង។ ច្បាប់នេះ បានបង្កឱ្យមានការត្រួតពិនិត្យ ជាអន្តរជាតិ និងការតវ៉ានៅទូទាំងប្រទេស ដោយក្រុមអ្នករិះគន់និយាយថា វិធានការនេះ អាចមានគោលបំណង លាក់បាំងការក្លែងបន្លំថវិកាយោធា និងការពារក្រុមមន្ត្រីរបស់ លោក Zelensky ៕
ប្រភពពី RT ប្រែសម្រួល៖ សារ៉ាត