កងទ័ពកម្ពុជា ៥រូបបានពលីជីវិត និងរបួស ២១រូប ចំណែកពលរដ្ឋបានបាត់បង់ជីវិត ៨រូប និងរបួស ៥០រូប ក្រោយការឈ្លានពានពីសំណាក់កងទ័ពសៀម
(ភ្នំពេញ)៖ ចាប់ពីថ្ងៃផ្ទុះសង្គ្រាមនៅថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២៥ ដែលកងទ័ពឈ្លានពានថៃ បាញ់ប្រហារមកលើទាហានកម្ពុជាបានបង្កឱ្យទាហានកម្ពុជាចំនួន ៥រូបបានស្លាប់បាត់បង់ជីវិត និងរបួស ២១រូប ។ ក្រៅពីនេះប្រជាពលរដ្ឋស្លាប់ ៨រូប និងរបួស ៥០រូប។
ថ្លែងក្នុងសន្នីសីទសារព័ត៌មាននាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលីសុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ ឱ្យដឹងថា” ទាហានកម្ពុជា៥រូប របួស២១រូប ប្រជាពលរដ្ឋបានបាត់បង់ ជីវិត៨រូប និងរបួស៥០រូបនៅខេត្តឧត្តរមានជ័យ។ ទង្វើដែលបង្កដោយថៃនេះបានបង្កឱ្យមានជនភៀសខ្លួននៅខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា ដូចជា ៖ ខេត្តឧត្តរមានជ័យចំនួន ៩៥ ៧៧គ្រួសារ ស្មើនឹង ២៣៣២៨នាក់ ខេត្តព្រះវិហារ ៣១១២គ្រួសារ ស្មើនឹង ១៤២០រូប ខេត្តពោធិ៍សាត់ ៩៤គ្រួសារ ស្មើនឹង ២០១រូប ខេត្តបន្ទាយមានជ័យ ៥២៤គ្រួសារ ស្មើនឹង ១៨៨០រូប ។ ជាសរុប គ្រួសារដែលត្រូវជម្លៀសចេញពីទីលំនៅ ទៅកាន់ទីកន្លែងផ្សេងៗមានចំនួន ៣៥៨២៩នាក់ ។
”ក្រោយពីទាហានថៃបានបាញ់ប្រហារ ដោយប្រើប្រាប់អាវុធគ្រប់ធន់មកលើទាហានកម្ពុជាបានធ្វើឱ្យប៉ះពាល់ដល់វត្តអារាម ផ្ទះសម្បែង មន្ទីពេទ្យ និងប៉ះពាល់អាយុជីវិតប្រជាពលរដ្ឋស្លូតត្រង់យ៉ាងធ្ងន់ធ្ងរ ។ ភាគីថៃកាន់តែធ្វើការវាយប្រហារមកលើកម្ពុជាកាន់តែខ្លាំងឡើងដោយមិនបានចាត់វិធានការក្នុងការកាត់បន្ថយជម្លោះណាមួយឡើយ” ។
លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលីសុជាតា ថ្លែងដែរថា” កម្ពុជាសូមបញ្ជាក់សារជាថ្មី កម្ពុជាឈរលើគោលការណ៍ វាយប្រហារតែលើគោលដៅ យោធាភាគីថៃប៉ុណ្ណោះ មិនមានចេតនាណាមួយវាយប្រហារគោលដៅលើជនស៊ីវិលសោះឡើយ” ។
អ្នកនាំពាក្យក្រសួងការពារជាតិបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា កងទ័ព ប្រជាជនកម្ពុជារួមគ្នាជាធ្លុងមួយក្នុងការការ ពារដែន អធិបតេយ្យភាពរបស់ខ្លួន ការពារសេចក្តីថ្លៃថ្នូររបស់ខ្លួន ដោយមិនងាករេ ទោះក្នុងតម្លៃណាក៏ដោយ។មកដល់ពេលនេះយើងអាចបញ្ជាក់បានថា កងកម្លាំងប្រដាប់អាវុធកម្ពុជា ឈរយ៉ាងរឹងមាំ និងជឿជាក់ក្លាហាន មោះមុត ក្នុងការការពារដែនអធិបតេយ្យភាព របស់ខ្លួន មិនឱ្យខ្មាំងសត្រូវរំលោភបំពានជាដាច់ខាត ៕
ដោយ ៖ ម៉ាដេប៉ូ
