អាល្លឺម៉ង់ចង់ប្រើមនុស្សយន្ត AI និងសត្វកន្លាតធ្វើជាចារកម្មសម្រាប់សង្គ្រាមនាពេលអនាគត
ប៊ែរឡាំង ៖ អាល្លឺម៉ង់មានផែនការបង្កើតសត្វកន្លាតចារកម្ម និងមនុស្សយន្តបំពាក់បញ្ញាសិប្បនិម្មិត (AI) សម្រាប់សង្គ្រាមនាពេលអនាគត ស្របពេលដែលមហាអំណាចនៅអឺរ៉ុបមួយនេះ គ្រោងនឹងបង្កើនការចំណាយជិត៣ដងលើវិស័យការពារជាតិរហូតដល់ ១៧៥ពាន់លានដុល្លារនៅត្រឹមឆ្នាំ២០២៩។
យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន The Jerusalem Post, ដោយធ្លាប់មានការប៉ះទង្គិចផ្លូវចិត្តនៅក្នុងរបបយោធានិយមណាស៊ី និងសីលធម៌សន្តិភាពនិយមនៅក្រោយសម័យសង្រ្គាម ប្រទេសអាល្លឺម៉ង់ជាយូរមកហើយបានរក្សាផ្នែកការពារជាតិរបស់ខ្លួននៅក្នុងទម្រង់មួយតូច និងមានការប្រយ័ត្នប្រយែងនៅក្រោមឆ័ត្រការពារ និងការធានាសន្តិសុខរបស់អាមេរិក។
ប៉ុន្តែប្រទេសអាល្លឺម៉ង់បាននិយាយថា ខ្លួននឹងចាប់ផ្ដើមគិតគូរអំពីការបង្កើនវិស័យយោធាឡើងវិញ ដោយគ្រោងនឹងបង្កើនថវិកាចំណាយឱ្យបាន ៣,៥ភាគរយនៃផលិតផលក្នុងស្រុកសរុលើវិស័យយោធា ពោលគឺកើនឡើងប្រហែល ១៧៤ពាន់លានដុល្លារក្នុងមួយឆ្នាំៗនៅត្រឹមឆ្នាំ២០២៩ លឿនជាងសម្ព័នមិត្តអឺរ៉ុបដទៃទៀត ហើយនឹងផ្ដោតសំខាន់លើការផលិតសម្ភារៈយោធាបំពាក់បច្ចេកវិទ្យា AI។
កាសែតរ៉យទ័របានរាយការណ៍ថា រដ្ឋាភិបាលរបស់លោកអធិការបតីអាល្លឺម៉ង់ Friedrich Merz ចាត់ទុក AI និងក្រុមហ៊ុនបច្ចេកវិទ្យាធុរកិច្ចថ្មី (Start-up) គឺជាគន្លឹះសំខាន់នៃផែនការការពារជាតិរបស់ប្រទេសអាល្លឺម៉ង់។
ទន្ទឹមគ្នា ប្រភពមួយចំនួនបានបង្ហើបឱ្យដឹងថា ថវិកាចំណាយលើវិស័យការពារជាតិរបស់អាល្លឺម៉ង់ ភាគច្រើននឹងចាក់បញ្ចូលទៅក្នុងការបង្កើតឧបករណ៍យោធាតាមលក្ខណៈសង្គ្រាមបែបសម័យទំនើប ហើយក្រុមហ៊ុនផលិតសូហ្វវែរ គឺជាផ្នែកដ៏សំខាន់មួយនៃការចាប់ផ្តើមផលិតកម្មវិស័យការពារជាតិរបស់អាល្លឺម៉ង់ ខណៈប្រទេសមហាអំណាចអឺរ៉ុបនេះ កំពុងអភិវឌ្ឍបច្ចេកវិទ្យាទំនើបចាប់ពីរថក្រោះយន្តប្រើ AI និងនាវាមុជទឹកខ្នាតតូចគ្មានមនុស្សបើក រហូតដល់កន្លាតចារកម្មផងដែរ៕
ប្រភព ៖ The Jerusalem Post ប្រែសម្រួល ៖ ឈឹម ទីណា