សៀមមិនស្តាប់ប្រធានាធិបតីអាមេរិក ដូណាល់ត្រាំទេ នៅតែវាយប្រហារមកលើទឹកដីកម្ពុជាទាំងកំរោល និងឥតគោរពច្បាប់អន្តរជាតិ
(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានថ្លែងថាគិតមកដល់ពេលនេះបើទោះបីប្រធានាធិបតី សហរដ្ឋអាមេរិក ដូណាល់ត្រាំ បានចេញអន្តរាគមន៍ឱ្យបញ្ឈប់បាញ់ប្រហារគ្នាភ្លាមៗពីជម្លោះព្រំដែន ដែលប្រទេសថៃបានរំលោភបំពានមកលើទឹកដីកម្ពុជាយ៉ាងគឃ្លើនយ៉ាងណាក៏ដោយ ក៏ទាហានប្រទេសឈ្លានពានមួយនេះនៅតែបន្តបានវាយប្រហារមកលើកងទ័ពកម្ពុជាយ៉ាងគឃ្លើន និងមិនខ្លាចច្បាប់អន្តរជាតិនោះដដែល ។
ក្នុងសន្និសីទសារព័ត៌មានស្តីពីបច្ចុប្បន្នភាពនៃការឈ្លានពានរបស់កងទ័ពថៃមកលើទឹកដីកម្ពុជានាព្រឹកថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៥ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានឱ្យដឹងថា មកដល់ពេលនេះកងទ័ពថៃនៅតែបន្តឈ្លានពានទឹកដីកម្ពុជាទាំងគឃ្លើននិងកំរោល ទោះបីទង្វើនេះខុសច្បាប់អន្តរជាតិ ។ ទង្វើរបស់កងទ័ពថៃកាន់តែគឃ្លើន ដោយពង្រីការឈ្លានពាន គំរាមកំហែងដល់អធិបតេយ្យភាពកម្ពុជាគិតចាប់ពីថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៥ ដែលមកដល់ពេលនេះគឺជាថ្ងៃទី៤ហើយ។
លោក ជំទាវបានបញ្ជាក់ថា ៖ ជាងនេះទៅទៀតទីតាំងនៃការរំលោភបំពានកើនឡើងលើសដើម ពីតំបន់ជម្លោះនៃព្រំដែន ទៅកាន់ទីតាំងផ្សេងៗទៀត។ កងទ័ពថៃបានបង្កើនការគំរាមកំហែង ដាក់សម្ពាធ និងចល័តសម្ភារៈសឹក ផ្សេងៗ។ ចំនួនការរំលោភបំពានមកលើទឹកដីកម្ពុជា ពីសំណាក់ភាគីថៃទាំងទទឹងទិស និងមិនរើសទីតាំង មិនរើសគោលដៅដែលបានកំពុង បង្កវិនាសសកម្មកើនឡើងជារៀងរាល់ថ្ងៃ បំផ្លិចបំផ្លាញហេដ្ឋាចរនាសម្ព័ន្ធ និងជនស៊ីវិលអស់ជាច្រើន ។
បើតាមអ្មកនាំពាក្យក្រសួងការពារជាតិឱ្យដឹងថាជាក់ស្តែងនៅយប់ថ្ងៃម្សិលម៉ិញនេះ កងទ័ពឈ្លានពានថៃ បន្តបាញ់កាំភ្លើងធំមកលើទឹកដីកម្ពុជាទាំងយប់រំលងអាធ្រាតុ និងព្រឹកទាបភ្លឺឈានចូលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ជាច្រើនតំបន់ក្នុងនេះដូចជាចាប់ផ្តើមពីម៉ោង៥ព្រឹក ថៃបានបាញ់ប្រហារមកលើទឹកដីកម្ពុជានៅជាំតែ បុសស្បូវ និងមានការបាញ់ជាបន្តបន្ទាប់ និងរហូត។សម្រាប់សកម្មភាពទីតាំងផ្សេងៗទៀតមួយចំនួនក្នុងយុទ្ធភូមិភាគទី៤នៅវេលាម៉ោង១០ និង ៤០នាទីយប់ យន្តហោះថៃបានទំលាក់គ្រាប់បែកចំនួន ២គ្រាប់ នៅលើផ្លូវឡើងទៅប្រាសាទព្រះវិហារ ។ ម៉ោង១១,៥៦នាទីយន្តហោះថៃបានទម្លាក់គ្រាប់បែកចង្កោមនៅតំបន់ភ្នំខ្មោច ,មកដល់ម៉ោង២,៣២ យប់ ថៃចាប់ផ្តើមវាយប្រើរថក្រោះ ដ្រូន វាយចូលតំបន់វាលឥន្រ្ទី ។
អ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងឱ្យដឹងដែរថា ដោយឡែកសម្រាប់ម៉ោង៤ព្រឹកម៉ិញនេះថៃបានចាប់ផ្តើមវាយប្រហារ នៅប្រាសាទតាក្របី ប្រាសាទតាមាន់ និង២,៣០នាទីថៃបានវាយមកកាន់តំបន់ តាថាវ និងតំបន់ភ្នំខ្មោច ដោយប្រើដ្រូនហោះសំកាំងជាប់ជាប្រចាំ ។ ក្នុងនោះផងដែរវេលាម៉ោង ៤,៥០នាទីព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ថៃក៏បានចាប់ផ្តើមវាយប្រហារចូលប្រាសាទតាមាន់ធំ និងប្រសាទតាក្របី ។ វេលាម៉ោង៦ព្រឹកនេះថៃចាប់ផ្តើមវាយថ្មើរជើងបន្ថែមទៀតនៅតំបន់វាលខ្មោច ។គ្រប់តំបន់វាយប្រយុទ្ធទាំងអស់ទាំងប្រសាទតាមាន់ តំបន់មុំបី ខ្មាំងប្រើប្រាស់កាំភ្លើង ធំ ដ្រូនទម្លាក់គ្រាប់បែក គ្រាប់បែកចង្កោម និងយន្តហោះទម្លាក់គ្រាប់បែកយ៉ាងខ្លាំងក្លាមកលើទឹកដីកម្ពុជា។យ៉ាងណាក្តីកងកម្លាំងកងទ័ពកម្ពុជា នៅតែបន្តវាយប្រហារប្រឆាំងក្រុមខ្មាំងឈ្លានពានទឹកដីយ៉ាងខ្លាំងក្លា និងរឹងមាំមិនឱ្យសត្រូវឈ្លានពានរំលោភទឹកដីរបស់យើងបានសោះឡើយ ៕
ដោយ ៖ ម៉ាដេប៉ូ

