អ្នកនាំពាក្យក្រសួងការបរទេស ៖ កម្ពុជា អំពាវនាវឱ្យសហគមន៍អន្តរជាតិ ពិនិត្យមើលស្ថានការណ៍ជម្លោះព្រំដែនរវាងកម្ពុជា-ថៃ ប្រកបដោយសុភវិនិច្ឆ័យ
(ភ្នំពេញ)៖ ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស បានគូសបញ្ជាក់ថា កម្ពុជា អំពាវនាវឱ្យសហគមន៍អន្តរជាតិ អង្គការសហប្រជាជាតិ និងអាស៊ាន សូមពិនិត្យមើលស្ថានការណ៍ជម្លោះព្រំដែនរវាងកម្ពុជា-ថៃ ប្រកបដោយសុភវិនិច្ឆ័យ ដោយពិចារណាលើបរិបទប្រវត្តិសាស្ត្រនៃការឈ្លានពានរបស់ថៃ និងការប្រកាន់យករបស់កម្ពុជា នូវយន្តការការទូតជាដរាបរៀងមក ។
ឯកឧត្តម ជុំ សុន្ទរី បញ្ជាក់បន្ថែមថា កម្ពុជា ស្វាគមន៍ការអំពាវនាវរបស់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហជាតិ ឱ្យមានកិច្ចឈប់បាញ់រវាងកម្ពុជា-ថៃ និងដោះស្រាយគ្នាដោយសន្តិវិធី ហើយយើងជំរុញឲ្យប្រទេសថៃ ត្រឡប់ទៅវេទិកាការទូតវិញ ជាជាងថៃធ្វើការចោទប្រកាន់ ដោយគ្មានមូលដ្ឋាននានាប្រឆាំង ជាមួយនឹងកម្ពុជា ។
កម្ពុជា បន្តប្តេជ្ញាចិត្ត ក្នុងការររកដំណោះស្រាយប្រកបដោយសន្តិវិធី និងច្បាប់អន្តរជាតិ ហើយកម្ពុជា ប្តេជ្ញាការពារទឹកដីរបស់ខ្លួន ។
ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន បង្ហាញបច្ចុប្បន្នភាព ថ្ងៃទី៤ នៃការបង្កសង្គ្រាមរបស់យោធាថៃឈ្លានពានដែនអធិបតេយ្យកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ដែលរៀបចំដោយអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ៕
ដោយ ៖ វណ្ណលុក