អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ៖ កងទ័ពឈ្លានពានថៃ នៅតែបន្តបាញ់ប្រហារយ៉ាងខ្លាំងចូលទឹកដីរបស់កម្ពុជាយើងដដែល គិតត្រឹមម៉ោង១១ ថ្ងៃទី២៧ ខែកក្កដា
(ភ្នំពេញ)៖ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានគូសបញ្ជាក់ថា គិតត្រឹមម៉ោង១១៖០០ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ កងទ័ពឈ្លានពានថៃ នៅតែបន្តបាញ់ប្រហារយ៉ាងខ្លាំងចូលទឹកដីរបស់កម្ពុជាយើងដដែល ។
ក្នុងសេចក្ដីថ្លែងការណ៍នាវេលាម៉ោង១១ ថ្ងៃទី២៧កក្កដា លោកជំទាវអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានប្រកាសច្រានចោល និងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងគ្មានការទទួលខុសត្រូវរបស់ប្រទេសថៃ ដែលថាកម្ពុជា ផ្តើមធ្វើអរិភាពមុន ។
ក្រសួងការពារជាតិកម្ពុជា សូមប្រកាសច្រានចោល និងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងគ្មានការទទួលខុសត្រូវរបស់ប្រទេសថៃ ដែលថាកម្ពុជា ផ្តើមធ្វើអរិភាពមុន ។
អ្នកនាំពាក្យរូបនេះថា ការអះអាងមិនពិតនេះ គ្មានអ្វីក្រៅតែពីការប៉ុនប៉ងដោយអស់សង្ឃឹម ដើម្បីបង្វែរស្ថានការណ៍ចេញពីភាពជាក់ស្តែងដែលប្រទេសថៃរំលោភម្តងហើយម្តងទៀតមកលើអធិបតេយ្យភាពកម្ពុជា និងច្បាប់អន្តរជាតិនោះទេ។ ការពិតមិនអាចប្រកែកបាន៖ ប្រទេសថៃគឺជាអ្នកដែលបានបើកការវាយប្រហារយ៉ាងឃោរឃៅមុនមកលើទឹកដីកម្ពុជា ។
លោកជំទាវ បន្ថែមថា នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ០២:០០នាទីព្រឹក កងកម្លាំងថៃ បានបាញ់ផ្លោងមកលើទីតាំងវាលឥន្ទ្រី ។
នៅម៉ោង ០២:៣០នាទី ពួកគេបានបង្កើនការទម្លាក់គ្រាប់បែក ទៅដល់តាថាវ ភ្នំ៣៣៣ និងភ្នំខ្មោច ។
នៅម៉ោង ០៤:៥០នាទី ថៃបាញ់ផ្លោងបន្ថែមទៀតទៅលើប្រសាទតាមាន់ធំ និងប្រសាទតាក្របី រហូតដល់ម៉ោងនេះ ។
នៅម៉ោង ០៦:០០នាទី កងទ័ពថ្មើរជើងថៃ បានឈ្លានពានចូលទីតាំងភ្នំខ្មោច តំបន់អានសេះ និងវាលឥន្ទ្រី បន្ទាប់មក ក៏មានការឈ្លានពានជាទ្រង់ទ្រាយធំ ។
នៅម៉ោង ០៦:៣០នាទី ដោយមានរថក្រោះ និងកងទ័ពថ្មើរជើង ចូលទៅក្នុងតំបន់ជាច្រើន រួមមាន វាលឥន្រ្ទី ៥មករា ភ្នំខ្មោច និងអានសេះ ៕
ដោយ ៖ វណ្ណលុក