ក្រសួងអប់រំកំពុងពិនិត្យថ្លឹងថ្លែងលើស្ថានភាពជាក់ស្តែងរួមទាំងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥បានដឹកនាំកិច្ចប្រជុំកិច្ចប្រជុំពិនិត្យលើស្ថានភាពអប់រំតាមខេត្តជាប់ព្រំដែន និងការត្រៀមរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា មន្ត្រីពាក់ព័ន្ធក្រោមឱវាទ និងមានការចូលរួមពីប្រធានមន្ទីរអប់រំ យុវជន និងកីឡាគ្រប់ ២៥រាជធានី-ខេត្ត តាមរយៈប្រព័ន្ធអនឡាញផងដែរ។

កិច្ចប្រជុំខាងលើត្រូវបានរៀបចំជាបន្ទាន់ ដោយឆ្លើយតបទៅនឹងសភាពការណ៍ជាក់ស្តែងនៃបញ្ហាព្រំដែនកម្ពុជា-ថៃ ។កិច្ចប្រជុំមានគោលបំណងដូចជា៖១. ការពិនិត្យរបាយការណ៍សង្ខេបនៃវិស័យអប់រំតាមបណ្តាខេត្តកំពុងមានបញ្ហាផ្ទុះអាវុធ,២. ការពិនិត្យ ថ្លឹងថ្លែងលើស្ថានភាពជាក់ស្តែង រួមទាំងការត្រៀមរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនិង៣. ការពិនិត្យពីស្ថានភាពជាក់ស្តែងរបស់សិស្សដែលកំពុងសិក្សា និងរស់នៅក្នុងប្រទេសថៃ។

សូមជម្រាបថា គិតត្រឹមថ្ងៃទី២៧ ខែកក្កដាមានសាលារៀនជាង៦០០នៃខេត្តចំនួន៥ ត្រូវបានបិទទ្វារនិងសិស្សជាង១៥ម៉ឺននាក់ រួមទាំងគ្រូបង្រៀនជាង៦ពាន់នាក់មិនអាចរៀនសូត្រ និងបង្រៀនបាន។នេះបើតាមការបញ្ជាក់របស់លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ៕
ដោយ៖ម៉ាដេប៉ូ


