រយៈពេល៥ ថ្ងៃពលករខ្មែរជិត៤០ម៉ឺនាក់បានវិលមកស្រុកកំណើតវិញ ខណៈក្រសួងការងារអំពាវនាវឱ្យ​ពលករ​វិលត្រឡប់

ភ្នំពេញ៖ តាមរយៈការឈ្លានពានយ៉ាងឃោរឃៅរបស់កងទ័ពថៃ និងការវាយប្រហារគ្នារយៈពេល៥ថ្ងៃមកនេះ មានពលករ ខ្មែរដែលធ្វើការនៅប្រទេសថៃ​យ៉ាងហោចណាស់ប្រមាណជិត ៤០ម៉ឺននាក់បាននាំគ្នាសម្រុកមកកាន់​ប្រទេស​កំណើតវិញ។
នេះបើតាមការបញ្ជាក់របស់លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ​ក្រសួង​ការពារជាតិនៅព្រឹកថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៥ ក្នុងសន្និសីទសារព័ត៌មានស្តីពីបច្ចុប្បន្នភាពនៃការ​ឈ្លានពាន​របស់​កងទ័ពថៃមកលើទឹកដីកម្ពុជា។

លោកជំទាវបានបញ្ជាក់ថា យោងតាមរបាយការណ៍របស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ចាប់តាំងពីថ្ងៃទី២៤ ខែកក្កដា រហូតមកដល់ថ្ងៃទី២៧ ខែកក្កដា ពលករខ្មែរបានវិលត្រឡប់ពីប្រទេសថៃវិញមានចំនួនប្រមាណ ២០៣ ៧០៦ នាក់។ដោយឡែកកាលពីថ្ងៃម្សិលមិញមានពលរដ្ឋខ្មែរចំនួន ១២០ ៤៣៨ នាក់ដែលបានវិលចូលប្រទេសកម្ពុជាវិញ។ នៅថ្ងៃនេះ យើងរំពឹងថានឹងមានពលករវិលត្រឡប់ពីប្រទេសថៃមកកម្ពុជាប្រមាណជាង១៥ម៉ឺននាក់។ ដូច្នេះក្នុងរយៈពេល ៥ ថ្ងៃនេះពលករខ្មែរបានវិលត្រឡប់មកកាន់កម្ពុជាវិញប្រមាណជិត ៤០ ម៉ឺននាក់ ហើយចំនួននេះនឹងត្រូវកើនឡើង​បន្ថែមទៀត ប្រសិនបើការប្រយុទ្ធគ្នានៅតែបន្ត។

អ្នកនាំពាក្យដដែលបានលើកឡើងថា យើងក៏បានទទួលសេចក្តីរាយការណ៍ជាច្រើនពាក់ព័ន្ធនឹងការវាយដំ ធ្វើបាប គំរាម​កំហែង ពីសំណាក់ក្រុមជ្រុលនិយមជនជាតិថៃ មកលើប្រជាពលរដ្ឋស្លូតត្រង់ដែលជាពលករកម្ពុជា ។នេះជាទង្វើអ​មនុស្ស​ធម៌ ខុសច្បាប់និង មិនអាចអត់ឱនឱ្យបានសោះឡើយ។

ជាមួយនឹងទង្វើព្រៃផ្សៃរបស់ក្រុមជាតិនិយមថៃនេះដែរក្រសួងការពារជាតិកម្ពុជាបានធ្វើការអំពាវនាវដល់អាជ្ញាធរថៃចាត់វិធានការជាបន្ទាន់ដើម្បីការពារប្រជាពលរដ្ឋខ្មែរនៅទីនោះ ក៏ដូចជាចាប់ជនល្មើសឱ្យមកទទួលខុសត្រូវចំពោះមុខច្បាប់ ដែលជាអំពើឧក្រិដ្ឋរបស់ខ្លួនដោយផ្តល់នូវយុត្តិធម៌ និងតម្លាភាពជូនពលករកម្ពុជា។

ដោយឡែកកាលពីថ្ងៃទី២៧ ខែកក្កដា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញសេចក្តី​សូមអំពាវនាវដល់​បងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរសូមវិលត្រឡប់មកមាតុប្រទេសវិញ ដោយសារក្រសួងបានកត់សម្គាល់ឃើញថា មានការកើនឡើងនូវការរើសអើង ការដាក់សម្ពាធការប្រើហិង្សា និងការគំរាមកំហែងដល់សុវត្ថិភាព សេរីភាពធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរ ដែលកំពុងស្នាក់នៅនិងធ្វើការនៅប្រទេសថៃ ជាពិសេស ក្រោយពីពេលមាន​ការឈ្លានពានខាងយោធាពីភាគីថៃមកលើដែនអធិបតេយ្យភាពរបស់កម្ពុជានៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥៕
ដោយ៖ម៉ាដេប៉ូ ,ង៉ាន ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner