សៀមកាន់តែសាហាវ និងគឃ្លើនមិនខ្លាចច្បាប់អន្តរជាតិបានប្រើផ្សែងពុល​មកលើ​កងទ័ព កម្ពុជា

(ភ្នំពេញ)៖ កងទ័ពឈ្លានពានរបស់ថៃនៅថ្ងៃទី២៧ និង ២៨ ខែកក្កដា ឆ្នាំ២០២៥​បានក្រៅពីប្រើអាវុធធន់ធ្ងន់ យន្តហោះ គ្រាប់បែកចង្កោម ហើយនោះ នាពេលនេះ​បានចាប់ផ្តើមវាយប្រហារដោយប្រើគ្រាប់បែកផ្សែងពុលមកលើកងទ័ពកម្ពុជាថែមទៀត។

យោងតាមសេចក្តីរាយការណ៍របស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ស្តីពី​បច្ចុប្បន្ន​ភាព នៃការឈ្លានពានរបស់កងទ័ពថៃមកលើទឹកដីកម្ពុជា លោកជំទាវ​ឧត្តម​សេនីយ៍ឯក ម៉ាលី សុជាតាបានឱ្យដឹងនាព្រឹកថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២៥នេះ​ឱ្យដឹងថា៖នាពេលនេះកងទ័ពឈ្លានពានថៃបានប្រើផ្សែងពុលមកលើកងទ័ពកម្ពុជា​យ៉ាងហោចណាស់២កន្លែងពោលគឺនៅតំបន់អានសេះ និងតំបន់ភ្នំខ្មោច។

ក្រសួ​​ងការពារជាតិកម្ពុជាបានចាត់ទុកថាការប្រើប្រាស់អាវុធធន់ធ្ងន់ យន្តហោះ គ្រាប់បែកចង្កោម និងចុងក្រោយនេះឈានដល់ការប្រើប្រាស់ផ្សែងពុល​ជាអំពើខុស​ច្បាប់ធ្ងន់ធ្ងរអន្តរជាតិ និងត្រូវបញ្ឈប់ជាបន្ទាន់ ។

បើតាមអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានឱ្យដឹងដែរទាក់ទិនទៅនឹងសមរភូមិរយៈពេល៥ថ្ងៃមកនេះពីសំណាក់កងទ័ពថៃ ឈ្លានពានមកលើអធិបតេយ្យភាពកម្ពុជា​ដែលកំពុងបង្ហាញយ៉ាងច្បាស់ក្រឡែតអំពីការរំលោភបំពានលើធម្មនុញ្ញនៃអង្គការសហប្រជាជាតិ ធម្មនុញ្ញាអាស៊ាន និងគោលការណ៍គ្រឹះនៃច្បាប់អន្តរជាតិ។សកម្មភាព​ដែលគ្មានទំនួលខុសត្រូវ និង ខុសច្បាប់បែបនេះបានបង្កយ៉ាងធ្ងន់ធ្ងរដល់ សន្តិភាព ស្ថេរភាព ក្នុងតំបន់ នោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់មូលដ្ឋានគ្រឹះ​នៃសណ្តាប់ធ្នាប់​អន្តរជាតិទៀតផង។

ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានថ្លែងប្រាប់អំពីសកម្មភាព​សមរ​ភូមិ ភូមិភាគទី ៤ដែលភាគីថៃបានបើកការបាញ់ប្រហារមកលើកម្ពុជា ពោល​គឺចាប់តាំងតែវេលាម៉ោង ២,០០នាទីរំលងអាធ្រាតុថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ដោយបានចាប់ផ្តើមផ្លោងនៅវាលឥន្ទ្រី ។

សម្រាប់ម៉ោង១៣,០០កងទ័ពឈ្លានពានថៃចាប់ផ្តើមវាយប្រហារនៅតំបន់៥ មករា ចំ​កា​រចេក និងប្រាសាទព្រះវិហារ ។ វេលាម៉ោង ១៥,១៧នាទីយន្តហោះ​ថៃបាន​បាញ់​ផ្សែងពុលនៅអានសេះ។នៅវេលាម៉ោង ១៦,១២នាទីសភាពការណ៍នៅជប់គគីរ ថ្ម​ដូន ភាគីថៃបានបាញ់ផ្លោងរង្វើលៗចូលតាមបណ្តាទីតាំងរបស់យើង ។ ចំណែកឯ​ប្រា​សាទតាមាន់ធំ និងប្រាសាទតាក្របី ថៃបានផ្លោងចូលដូចភ្លៀងរលឹមផងដែរ ។

ដោយឡែក ទិសទី១ តំបន់ ៥មករា ភ្នំខ្មោច អានសេះ ថៃវាយប្រហារកាន់​តែខ្លាំ​ង​ក្លា​ឡើង នៅវេលាម៉ោង ១៣,១៣នាទីរហូតដល់ម៉ោង ១៦,០០នាទីថៃ​បានប្រើយន្ត​ហោះ​បាញ់គ្រាប់រកែតជាច្រើនគ្រាប់នៅប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងព្រម​ទាំងតាមទីតាំងមួយចំនួនទៀត។នៅវេលាម៉ោង ១៦,៤០នាទី ភាគីថៃបានចាប់​ផ្តើម​វាយនៅតំបន់ មុំបី,នៅវេលាម៉ោង ១៧,០៦នាទី ភាគីថៃបានប្រើ យន្តហោះ ដ្រូន​អត្ថ​ឃាត គ្រាប់បែកចង្កោម និងផ្សែងពុលនៅតំបន់ភ្នំខ្មោច ។

សម្រាប់ឈានចូលដល់ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៥បើទោះបីមានការ​កំណត់នូវ​កិច្ចប្រជុំពិសេស កម្រិតរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ នៅទីក្រុងកូឡាឡាំពួរក្នុង​ប្រទេសម៉ាឡេស៊ី ក្នុងគោលបំណងចរចាឱ្យបាននូវបទឈប់បាញ់គ្នាក៏ដោយ នៅថ្ងៃ​នេះ​ក៏ដោយ តែនៅវេលាម៉ោង ៣,១០នាទីរំលងអាធ្រាតុ ភាគីថៃ នៅបន្តបើកការ​វាយ​​ប្រហារមុន មកលើកម្ពុជានៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី ដោយ​បាញ់ស្រោចរហូតដល់ម៉ោង ៥,០៧នាទីព្រឹកនេះ។ចំពោះសភាពការណ៍នៅតាម ប្រាសាទតាមាន់ធំ ជប់គគីរ តាដូន វាលឥន្រ្ទី ៥មករា តាថាវ ភ្នំខ្មោច អានសេះ​ថៃ​បានវាយយ៉ាងខ្លាំង ដើម្បីដណ្តើម វត្តកែវគិរីស្វារៈ និងព្រមជាមួយគ្នានេះបានបង្កើន​សមរភូមិ នៅជប់គគីរថ្មដូន ឱ្យឆេះរាលដាលឆេះសន្ធោសន្ធៅ។

លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតាបានថ្លែងដែរថាទោះបីមានការ​រំលោភ​បំពានពីសំណាក់កងទ័ពថៃយ៉ាងណាក្តី តែកងទ័ពកម្ពុជាដ៏អង់អាចក្លាហានម៉ោះមុត នៅឈររឹងមាំ តស៊ូយ៉ាងស្វិតស្វាញមិនញញើតនឹងសត្រូវៃឈ្លានពានសូម្បី​តែបន្តិច​សោះឡើយ និងកំពុងឈរយ៉ាងរឹងមាំតាមខ្សែបន្ទាត់ព្រំដែន៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner