អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ៖ ថៃយកលេសចោទប្រកាន់កម្ពុជាប្រើមីស៊ីល PHL-03 ដើម្បីប្រើអាវុធឃោរឃៅបន្ថែមទៀតមកលើកម្ពុជា
(ភ្នំពេញ)៖ មន្រ្តីអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានថ្លែងថា ការចោទប្រកាន់របស់ភាគីថៃដែលថា កម្ពុជាបានប្រើមីស៊ីល PHL-03 នោះគឺគ្រាន់តែជាលេស ដើម្បីថៃ ប្រើអាវុធឃោរឃៅវាយប្រហារមកលើកម្ពុជា ដោយក្នុងនេះក្រៅពីប្រើគ្រាប់បែកចង្កោម ហើយនាពេលនេះឈានដល់ការប្រើប្រាស់គ្រាប់បែកផ្សែងពុលថែមទៀត។
បញ្ជាក់ក្នុងសន្និសីទសារព័ត៌មានស្តីពីបច្ចុប្បន្នភាពនៃការឈ្លានពានរបស់កងទ័ពថៃ មកលើទឹកដីកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងថា ” កម្ពុជាសូមច្រានចោលចំពោះការផ្សាយថា កម្ពុជាបានប្រើប្រាស់អាវុធបាញ់ចម្ងាយ PHL-03 ចូលទឹកដីថៃ ដែលការចោទប្រកាន់នេះគឺគ្មានមូលដ្ឋាន និង ឆ្លុះបញ្ចាំងដល់ភាគីថៃជាលេស ដើម្បីខ្លួនប្រើប្រាស់អាវុធកាន់តែសាហាវព្រៃផ្សៃជាងមុន និងអមនុស្សធម៌ជាងមុន កាន់តែច្រើនក្នុងការវាយប្រហារ រំលោភបំពានលើដែនធិបតេយ្យកម្ពុជា ។
ក្រសួងការពារជាតិកម្ពុជា បានចាត់ទុកថា ការប្រើប្រាស់អាវុធធន់ធ្ងន់ យន្តហោះ គ្រាប់បែកចង្កោម និងចុងក្រោយនេះឈានដល់ការប្រើប្រាស់ផ្សែងពុលជាអំពើខុសច្បាប់ធ្ងន់ធ្ងរអន្តរជាតិ និងត្រូវបញ្ឈប់ជាបន្ទាន់ ។
បើតាមអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងដែរថា ទាក់ទិនទៅនឹងសមរភូមិរយៈពេល ៥ថ្ងៃមកនេះ កងទ័ពថៃ ឈ្លានពានមកលើអធិបតេយ្យភាពកម្ពុជាដែលកំពុងបង្ហាញយ៉ាងច្បាស់ក្រឡែតអំពីការរំលោភបំពានលើធម្មនុញ្ញនៃអង្គការសហប្រជាជាតិ ធម្មនុញ្ញាអាស៊ាន និងគោលការណ៍គ្រឹះនៃច្បាប់អន្តរជាតិ។ សកម្មភាពដែលគ្មានទំនួលខុសត្រូវ និង ខុសច្បាប់បែបនេះបានបង្កយ៉ាងធ្ងន់ធ្ងរដល់ សន្តិភាព ស្ថេរភាព ក្នុងតំបន់ និង ប៉ះពាល់ដល់មូលដ្ឋានគ្រឹះ នៃសណ្តាប់ធ្នាប់អន្តរជាតិទៀតផង ៕
ដោយ ៖ ម៉ាដេប៉ូ




