ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ៖ “កូនៗ រងគ្រោះដោយសារសង្គ្រាមហើយ មិនឱ្យកូនៗ រងគ្រោះដោយសារការប្រឡងបាក់ឌុបនោះឡើយ”
(ភ្នំពេញ)៖ នៅក្នុងពិធីប្រកាសបើក «យុទ្ធនាការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធ នៃគ្រឹះស្ថានសិក្សាសាធារណៈ» ព្រឹកនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងអំពីការរៀបចំយន្តការនានា ដើម្បីសម្របសម្រួល និងប្រមូលសិស្សឱ្យបានចូលរៀននៅទីទួលសុវត្ថិភាព តាមរយៈការស្វ័យសិក្សាផង តាមរយៈការសិក្សាពីចំងាយផង ទៅតាមលទ្ធភាពដែលអាចធ្វើបាន។

ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានលើកឡើងផងដែរ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានលើកពេលប្រឡងបាក់ឌុប។ ទន្ទឹមនេះ ឯកឧត្តមក៏បានសម្គាល់ថា សម្រាប់សិស្សដែលស្ថិតនៅក្នុងមូលដ្ឋាននៃជនភៀសសឹក ឬតំបន់ដែលប៉ះពាល់រងគ្រោះដោយសារសង្គ្រាម អាចចុះឈ្មោះប្រឡងនៅខេត្តណាមួយក៏បាន តាមការជ្រើសរើស ដែលនេះជាការសម្របសម្រួលបន្ថែមទៀត។ ក្នុងនោះក្រសួងនឹងបន្តតាមដាន វាយតម្លៃជាបន្តបន្ទាប់ដើម្បីរៀបចំមណ្ឌលប្រឡងឱ្យបានគៀក និងសម្របសម្រួលឱ្យអស់ពីលទ្ធភាពជូនទៅដល់សិស្សដែលត្រូវប្រឡងទុតិយភូមិក្នុងឆ្នាំនេះ។ “ក្រសួងនឹងចាត់វិធានការជួយគាំទ្រ ដល់បេក្ខជនមកពីខេត្តដែលរងគ្រោះ ដោយសារតែកូនៗ រងគ្រោះដោយសារសង្គ្រាមហើយ តែមិនឱ្យកូនៗ រងគ្រោះដោយសារតែការប្រឡងបាក់ឌុបនោះឡើយ។” ឯកឧត្តមបានបន្ថែម។

ក្នុងនាមឯកឧត្តមបណ្ឌិតសភាចារ្យ បានបង្ហាញការគាំទ្រ និងចូលរួមយ៉ាងពេញទំហឹង ចំពោះយុទ្ធនាការធ្វើបច្ចុប្បន្នភាពតាមរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនេះ។ ការធ្វើជំរឿននេះ គឺជាផ្នែកមួយនៃការអភិវឌ្ឍ ដែលការអភិវឌ្ឍនេះនឹងធ្វើឱ្យយើងមានលទ្ធភាព និងសមត្ថភាពពេញលេញបន្ថែមទៀតក្នុងការការពារបូរណភាពទឹកដីរបស់យើងទៅថ្ងៃមុខជាបន្តបន្ទាប់ទៀត។

លើសពីនេះ ឯកឧត្តមបានបញ្ជាកបន្ថែមថា តាមរយៈការអភិវឌ្ឍនេះ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការកែទម្រង់ជាច្រើន ក្រៅពីការកែទម្រង់ការប្រឡងសញ្ញាបត្រទុតិយភូមិ រួមមាន ការកែលម្អធ្វើទំនើបកម្មគ្រឹះស្ថាន បណ្តុះបណ្តាលគ្រូ ការលើកកម្ពស់គ្រូ ការតម្លើងបៀវត្សគ្រូក្នុងកំណើនជាមធ្យម ៣ដង និងការបើកប្រាក់បៀវត្សតាមប្រព័ន្ធធនាគារ ជាពិសេសពេលនេះ សូម្បីគ្រូត្រូវភៀសសឹក ក៏គាត់អាចបន្តបើកប្រាក់បៀវត្សបានផងដែរ៕
ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា
