ឯកឧត្តម​ ហ៊ុន​ ម៉ានី​៖​ ទោះបីបទឈប់បាញ់ត្រូវបានកំណត់ចាប់ពីម៉ោង២៤:០០ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥យប់នេះក៏ដោយ ក៏យើងទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់បំផុត

ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី​ ហ៊ុន​ ម៉ានី​ បានបញ្ជាក់ថា​ ទោះបីបទឈប់បាញ់ត្រូវបានកំណត់ចាប់ពី ម៉ោង ២៤:០០ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ យប់នេះក៏ដោយ ក៏យើងទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់បំផុត ដោយត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ ចៀសវាងការរៀបចំណាមួយក្នុងចេតនាបំផ្លិចបំផ្លាញសមិទ្ធផល នៃការចរចា និងការប្តេជ្ញាចិត្តជាអន្តរជាតិរបស់ភាគីទាំង២។ ឯកឧត្តមបានលើកឡើងបែបនេះ ក្នុងសំណេរនៅក្នុងបណ្កាញសង្គមរបស់ឯកឧត្តមនាយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ

ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី​ បានសម្តែងការអបអរសាទរនូវលទ្ធផល នៃកិច្ចចរចាឈប់បាញ់ រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ក្រោមកិច្ចសម្របសម្រួលពីម៉ាឡេស៊ី ប្រធានប្តូរវេនអាស៊ាន ដោយមានសហរដ្ឋអាមេរិកជាសហអ្នករៀបចំ និងការចូលរួមពីតំណាងសាធារណរដ្ឋប្រជាមានិតចិន។ តាមរយៈលទ្ធផលខាងលើ យើងមានជំនឿជាក់យ៉ាងមុតមាំថា សន្តិភាពនឹងត្រលប់មកវិញនៅក្នុងតំបន់តាមព្រំដែន ប្រជាពលរដ្ឋនឹងឆាប់បានវិលត្រលប់ទៅកាន់ផ្ទះសម្បែង និងប្រកបរបររកទទួលទានតាមធម្មតាវិញបាន។

ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី​ សូមសម្តែងនូវសេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណចក្រកម្ពុជា ដែលបានស្វះស្វែងរកដំណោះស្រាយចំពោះមុខបញ្ហានៅតាមបន្ទាត់ព្រំដែន។ ជាមួយគ្នានេះដែរ សូមឧទ្ទិសដល់វិញ្ញាណក្ខន្ធវីរៈយុទ្ធជនកម្ពុជាពលី និងបួងសួងដល់វិញ្ញាណក្ខ័ន្ធជនរងគ្រោះដែលបានបាត់បង់ជីវិតក្នុងហេតុការណ៍ផ្ទុះអាវុធ ចាប់ពីថ្ងៃទី២៤ ខែកក្កដា មកនេះ ហើយក៏សូមថ្លែងអំណរគុណដល់អាជ្ញាធរដែនដី កងកម្លាំងមានសមត្ថកិច្ចគ្រប់ប្រភេទ ជាពិសេស ស្មារតីមហាសាមគ្គីរបស់បងប្អូនជនរួមជាតិទូទាំងប្រទេស និងក្រៅប្រទេស ដែលបានគាំទ្រទាំងស្មារតី និងសម្ភារៈ បញ្ជូនទៅដល់បងៗកងកម្លាំងនៅជួរមុខ ព្រមទាំងជួយដល់ជនភៀសសឹកផងដែរ៕
ដោយ៖ពលជ័យ

ads banner