សម្ដេចធិបតី ហ៊ុន ម៉ាណែត ត្រឡប់មកកម្ពុជាវិញជាមួយនឹងបទឈប់បាញ់ នៅម៉ោង១២អធ្រាត្រថ្ងៃទី២៨ កក្កដានេះ

ភ្នំពេញ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា​ធ្វើមាតុភូមិនិវត្តន៍ពីប្រទេសម៉ាឡេស៊ី​ជាមួយនឹងលទ្ធផលដ៏ត្រចះត្រចង់ ដោយមានការឯកភាពបទឈប់បាញ់ នៅម៉ោង​១២អធ្រាត្រ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ ដែលនេះជាគោលដៅធំសម្រាប់ជាតិ និងប្រជាជនកម្ពុជា។

ការឯកភាពបទឈប់បាញ់ នៅម៉ោង១២អធ្រាត្រ ថ្ងៃទី២៨ ខែកក្កដានេះ កើតមានឡើងក្នុងឱកាសដែលសម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំពិសេសមួយ ដើម្បីសម្រេចឱ្យមានបទឈប់បាញ់គ្នាបន្ទាន់ រវាង​កម្ពុជា-ថៃ នៅទីក្រុងគូឡាឡាំពួរ ដែលមានម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះ សហរដ្ឋអាមេរិក ជាសហការរៀបចំ និងមាន​ការចូលរួមពីតំណាងចិន ។

សូមជម្រាបថា សម្ដចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់លើបណ្ដាញសង្គមនៅល្ងាចថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥​ពេលត្រឡប់មកដល់កម្ពុជា ថា ជាលទ្ធផលដ៏ត្រចះត្រចង់ពីជំនួបរវាងសម្ដេច និងឯកឧត្ដម Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទី នៃព្រះរាជាណាចក្រថៃ ដោយភាគីទាំងពីរ កម្ពុជា-ថៃបានឯកភាពគ្នាដូចខាងក្រោម៖

១. បទឈប់បាញ់បន្ទាន់ ឥតលក្ខខណ្ឌ ដែលនឹងចូលជាធរមាននៅវេលាម៉ោង ២៤:០០ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ។ នេះជាជំហានដ៏សំខាន់ ឆ្ពោះទៅការបន្ថយការតានតឹង នឹងការស្តារឡេីងវិញ នូវសន្តិភាព និងសន្តិសុខ ។

២. រៀបចំកិច្ចប្រជុំក្រៅផ្លូវការថ្នាក់មេបញ្ជាការយោធភូមិភាគ (ភាគីថៃ យោធភូមិភាគទី១ និងទី២ និងភាគីកម្ពុជាយោធ ភូមិភាគទី៤ និងទី៥) នៅវេលាម៉ោង ០៧៖០០ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ និងបន្តរៀបចំកិច្ចប្រជុំជាមួយ បណ្តា សេនានុព័ន្ធ និងអនុព័ន្ធយោធា ដឹកនាំដោយប្រធានអាស៊ាន ប;មានការឯកភាពពីភាគីទាំងពីរ ។

៣. រៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ ដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ ។

សម្ដេចធិបតី សូមអរគុណឯកឧត្តម នាយករដ្ឋមន្ត្រី Anwar Ibrahim ដែលបានផ្តួចផ្តើមគំនិត សម្របសម្រួលឱ្យ​មាន​កិច្ចប្រជុំ និងធ្វើជាម្ចាស់ផ្ទះ។ សម្ដេចធិបតី ក៏សូមអរគុណឯកឧត្តម ប្រធានាធិបតី Donald Trump ដែលបានផ្តល់​ការគាំទ្រដ​ល់ដំណើរការចរចារ រកការឈប់បាញ់ភ្លាម ដើម្បីកសាងសន្តិភាព តាមរយៈសហរដ្ឋអាមេរិក ធ្វើជាសហអ្នករៀប​ចំ នៃជំនួបថ្ងៃនេះ ។ សម្ដេចធិបតី ក៏សូមអរគុណដល់រដ្ឋាភិបាលចិន ដែលតែងតែគាំទ្រ លើកទឹកចិត្តឱ្យភាគីទាំងពីរ ស្វែងរកការឈប់បាញ់ និងចូលរួមយ៉ាងសកម្ម គាំទ្រដល់ជំនួបពិសេសនេះផងដែរ ៕
ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner