សង្រ្គាមនឹងចប់ហើយបើផ្អែកទៅលទ្ធផលកិច្ចចរចារវាងនាយករដ្ឋមន្រ្តីកម្ពុជា និង នាយករដ្ឋមន្ត្រីស្តីទីថៃនៅចំពោះមុខប្រជាជាតិរៀងៗខ្លួន

ភ្នំពេញ៖ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រតាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិ បត្តិការ អន្តរជាតិបានថ្លែងថាសង្រ្គាមនឹងចប់ហើយបើផ្អែកទៅលទ្ធផលកិច្ចចរចាជាប្រវត្តិសាស្រ្ត សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទី នៃព្រះរាជាណាចក្រថៃ នៅថ្ងៃនេះ។

ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ បានថ្លែងបែបនេះបន្ទាប់ពីបញ្ចប់បេសកកម្មរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាដែលបានដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមកិច្ចប្រជុំពិសេស ដើម្បីសម្រេចឱ្យមានបទឈប់​បាញ់គ្នាបន្ទាន់ រវាង​កម្ពុជា-ថៃ នៅទីក្រុងគូឡាឡាំពួរ ដែលមានម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះ សហរដ្ឋអាមេរិក ជាសហការរៀប​ចំ និងមាន​ការចូលរួមពីតំណាងចិន ។
ឯកឧត្តមបន្តថា ក្រោយបញ្ចប់ចរចាជម្លោះព្រំដែនជាមួយភាគី ថៃ នាយប់ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២៥នេះថា”ស្នូរកាំភ្លើងនឹងលែងលាន់លឺទៀតហើយចាប់ពីយប់នេះនៅម៉ោង១២អធ្រាត្រទៅ ។នេះបើយោងតាមស្មារតីនៃទំនួល​ខុសត្រូវ រួមរវាងមេដឹកនាំកំពូលទាំងពីរគឺកម្ពុជាថៃ នៅចំពោះមុខប្រជាជាតិរៀងៗខ្លួន នៅចំពោះមុខតំបន់ និងនៅចំពោះមុខ​ពិភពលោក។

ជាមួយការថ្លែងបែបនេះឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់​បានគូសបញ្ជាក់ដែរថាប្រទេសម៉ាឡេស៊ីក្នុងនាមជាប្រធានប្តូរវេន​អាស៊ានបានត្រៀមរួចជាស្រេចក្នុងការសម្របសម្រួលរៀបចំឱ្យមានក្រុមអ្នកអង្កេតការណ៍មួយដើម្បីចុះពិនិត្យ និងធានា​ការអនុវត្តបទឈប់បាញ់។ម៉ាឡេស៊ីក៏នឹងពិគ្រោះជាមួយសមាជិកអាស៊ានផ្សេងទៀតដើម្បីចូលរួមក្នុងកិច្ចអង្កេតការណ៍​តាមឃ្លាំមើលដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តក្នុងតំបន់ដើម្បីគាំទ្រ សន្តិភាពពិតប្រាកដ។ក្រៅពីនេះទាំងរដ្ឋមន្រ្តីការបរទេស និងរដ្ឋមន្រ្តីការពារជាតិម៉ាឡេស៊ី កម្ពុជានិងថៃ នឹងបង្កើតយន្តការសម្រាប់អនុវត្តផ្ទៀងផ្ទាត់ និងរាយការណ៍អំពី​បទឈប់បាញ់។យន្តការនេះគឺជាមូលដ្ឋានគ្រឹះ សន្តិភាព និរន្តរភាព និងការទទួលខុសត្រូវ។

គួរបញ្ជាក់ថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំ​គណៈប្រតិភូ​កម្ពុជាធ្វើមាតុភូមិនិវត្តន៍មកដល់មាតុប្រទេសវិញ ជាមួយនឹងលទ្ធផលដ៏ត្រចះត្រចង់ ដោយមានការឯកភាពបទឈប់បាញ់ នៅម៉ោង១២អធ្រាត្រថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ ដែលនេះជាគោលដៅធំសម្រាប់ជាតិ និងប្រជាជនកម្ពុជា៕ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner