ម៉ាឡេស៊ីត្រៀមរួចជាស្រេចក្នុងការសម្របសម្រួលរៀបចំឱ្យមានក្រុមអ្នកអង្កេតការណ៍មួយដើម្បីចុះពិនិត្យ និងធានាការអនុវត្តបទឈប់បាញ់ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ
ភ្នំពេញ៖ប្រទេសម៉ាឡេស៊ីក្នុងនាមជាប្រធានប្តូរវេនអាស៊ានបានត្រៀមរួចជាស្រេចក្នុងការសម្របសម្រួលរៀបចំឱ្យមានក្រុមអ្នកអង្កេតការណ៍មួយដើម្បីចុះពិនិត្យ និងធានាការអនុវត្តបទឈប់បាញ់ក្នុងជម្លោះព្រំដែនរវាងកម្ពុជា-ថៃ។
ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ បានថ្លែងបែបនេះបន្ទាប់ពីបញ្ចប់បេសកកម្មរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាដែលបានដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមកិច្ចប្រជុំពិសេស ដើម្បីសម្រេចឱ្យមានបទឈប់បាញ់គ្នាបន្ទាន់ រវាងកម្ពុជា-ថៃ នៅទីក្រុងគូឡាឡាំពួរ ដែលមានម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះ សហរដ្ឋអាមេរិក ជាសហការរៀបចំ និងមានការចូលរួមពីតំណាងចិន ។ឯកឧត្តមបន្តថា ប្រទេសម៉ាឡេស៊ី នឹងពិគ្រោះជាមួយសមាជិកអាស៊ានផ្សេងទៀតដើម្បីចូលរួមក្នុងកិច្ចអង្កេតការណ៍តាមឃ្លាំមើលដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តក្នុងតំបន់ដើម្បីគាំទ្រ សន្តិភាពពិតប្រាកដ។ក្រៅពីនេះទាំងរដ្ឋមន្រ្តីការបរទេស និងរដ្ឋមន្រ្តីការពារជាតិម៉ាឡេស៊ី កម្ពុជានិងថៃ នឹងបង្កើតយន្តការសម្រាប់អនុវត្តផ្ទៀងផ្ទាត់ និងរាយការណ៍អំពីពីបទឈប់បាញ់។យន្តការនេះគឺជាមូលដ្ឋានគ្រឹះ សន្តិភាព និរន្តរភាព និងការទទួលខុសត្រូវ។
ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ បានបន្តថាសង្រ្គាមនឹងចប់ហើយ បើផ្អែកទៅលទ្ធផលកិច្ចចរចាជាប្រវត្តិសាស្រ្ត សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្ដម Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីនៃព្រះរាជាណាចក្រថៃ នៅថ្ងៃនេះ(ថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០២៥)។
ឯកឧត្តមបញ្ជាក់បន្ថែមថា”ស្នូរកាំភ្លើងនឹងលែងលាន់លឺទៀតហើយចាប់ពីយប់នេះនៅម៉ោង១២អធ្រាត្រទៅ។ នេះបើយោងតាមស្មារតីនៃទំនួលខុសត្រូវ រួមរវាងមេដឹកនាំកំពូលទាំងពីរគឺកម្ពុជាថៃ នៅចំពោះមុខប្រជាជាតិរៀងៗខ្លួន នៅចំពោះមុខតំបន់ និងនៅចំពោះមុខពិភពលោក”៕
ដោយ៖ម៉ាដេប៉ូ

