ក្រសួងបរិស្ថាន និង យូណេស្កូ ពង្រឹងកិច្ចសហប្រតិបត្តិការ លើការងារអភិរក្សប្រភពទឹកក្រោមដី​និងបេតិកភណ្ឌ​ប្រកបដោយនិរន្តរភាព

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ​ជាមួយលោក Sardar Umar Alam ប្រធានប្រចាំប្រទេសអង្គការយូណេស្កូ (UNESCO) ប្រចាំកម្ពុជា ដើម្បីពង្រឹងកិច្ច​សហ​ប្រតិបត្តិការលើការងារអភិរក្សធនធានធម្មជាតិ និងបេតិកភណ្ឌវប្បធម៌។

ក្នុងជំនួបកាលពីរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥លោក Sardar Umar Alam បានជម្រាបឯកឧត្តមរដ្ឋមន្រ្តី​បរិស្ថាននូវ​លទ្ធផលនៃកិច្ចប្រជុំ CMDA RPSC លើកទី២ ព្រមទាំងកិច្ចសហប្រតិបត្តិការបន្តនៃគម្រោង CMDA (Cambodia – Mekong River Delta Aquifer) ដែលផ្តោតលើការគ្រប់គ្រងប្រកបដោយនិរន្តរភាពនូវប្រភពទឹកក្រោម​ដីរួមគ្នារវាងកម្ពុជា និងវៀតណាម នៅក្នុងតំបន់ដីសណ្ដទន្លេមេគង្គ។ លោកបញ្ជាក់ថាគម្រោងនេះមានគោលបំណងដោះ​ស្រាយបញ្ហាប្រឈមនានាពាក់ព័ន្ធនឹងជលប្រភពក្រោមដី តាមរយៈការពង្រឹងការបំពេញបន្ថែមទឹកក្រោមដីឆ្លងដែន និង​ការប្រើប្រាស់ប្រកបដោយនិរន្តរភាព ព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

គម្រោង CMDA ទទួលបានមូលនិធិពី GEF (មូលនិធិបរិស្ថានសកល) អនុវត្តដោយ អង្គការស្បៀងអាហារ និងកសិកម្ម និងដំណើរការដោយ សហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ ដោយមានអង្គការយូណេស្កូ ក្នុងភាពជាដៃគូ។

ឆ្លើយតបនឹងការលើកឡើងរបស់លោកប្រធានប្រចាំប្រទេស ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានផ្តល់ជាអនុសាសន៍​ក្នុងការបង្កើតតំបន់អភិរក្សជីវមណ្ឌល និងឧទ្យានភូគព្ភសាស្ត្រថ្មីៗនៅកម្ពុជា។ឯកឧត្តមរដ្ឋមន្រ្តី បានជូនជាគំនិត​ពិចារណា​លើការដាក់បញ្ចូល កោះស្រឡៅ ដែលជាកោះសក្តានុពលមួយ ឱ្យក្លាយជាកោះអព្យាក្រឹតកាបូន និងគ្មានសំរាមប្លាស្ទិក​ដំបូងគេបង្អស់នៅកម្ពុជា។ ឯកឧត្តមក៏បានគូសបញ្ជាក់ពីការត្រៀមខ្លួនរបស់ក្រសួងបរិស្ថាន ក្នុងកិច្ចសហប្រតិបត្តិការ​យ៉ាងជិតស្និទ្ធជាមួយ UNESCO និងដៃគូពាក់ព័ន្ធ ដើម្បីពន្លឿនការអនុវត្តគម្រោងនេះ ដោយផ្តោតលើការធ្វើផែនទី និងវាយតម្លៃអត្រាថយចុះនៃធនធានទឹកក្រោមដី ដើម្បីធានានិរន្តរភាពទឹកនៅកម្ពុជាសម្រាប់ពេលអនាគត។

ក្នុងជំនួបដដែលភាគីទាំងពីរក៏បានពិភាក្សាអំពី យុទ្ធសាស្ត្រចិញ្ចឹមឃ្មុំជាតិ ដែលមានគោលដៅជំរុញការផលិត​ទឹកឃ្មុំ​ក្នុងស្រុក និងការលើកកម្ពស់ជីវភាពសហគមន៍ ជាពិសេសនៅក្នុងតំបន់ការពារ ដោយបានសង្កត់ធ្ងន់លើការផលិត​ជាចម្បង និងការធ្វើឱ្យសហគមន៍មានភាពជាម្ចាស់លើផលិតផលទាំងនោះ ដើម្បីធានាបាននូវនិរន្តរភាព និងគុណភាព៕ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner