ឥណ្ឌូណេស៊ីប្រកាសជួយជ្រោមជ្រែងម៉ាឡេស៊ីដោះស្រាយជម្លោះកម្ពុជា-ថៃ និងរក្សាស្ថេរភាពក្នុងតំបន់

ហ្សាកាតា ៖ វិមានប្រធានាធិបតីឥណ្ឌូណេស៊ីបានប្រកាសបន្ទាប់ពីកិច្ចប្រជុំរវាងលោកប្រធានាធិបតីឥណ្ឌូណេស៊ី Prabowo Subianto និងលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim នៅថ្ងៃទី២៩ ខែកក្កដា ថា ឥណ្ឌូណេស៊ីកំពុងទំនាក់ទំនងយ៉ាងសកម្មជាមួយម៉ាឡេស៊ី ដើម្បីលើកទឹកចិត្តឱ្យមានការបន្ធូរបន្ថយជម្លោះរវាងកម្ពុជា និងថៃ។

លោកប្រធានាធិបតី Prabowo បានចាប់ផ្តើមកិច្ចប្រជុំដោយការថ្លែងសាទរលោកនាយករដ្ឋមន្រ្តី Anwar ដែលបានសម្របសម្រួលឱ្យមានបទឈប់បាញ់ក្នុងជម្លោះកម្ពុជា-ថៃ និងថា លោកគាំទ្រយ៉ាងពេញទំហឹងចំពោះតួនាទីរបស់ម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ាន ក្នុងការរក្សាស្ថិរភាពក្នុងតំបន់។

លោក Prabowo មានវ័យ៧៤ឆ្នាំរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា យើងត្រៀមខ្លួនជាស្រេចដើម្បីជួយ ទោះនៅទីណាក៏ដោយ។ យើងចង់ឱ្យអាស៊ានតែងតែដោះស្រាយជម្លោះដោយសន្តិវិធី តាមរយៈការពិគ្រោះយោបល់ ការពិចារណា និងការចរចា។

ដោយឡែក លោកនាយករដ្ឋមន្រ្តី Anwar បានប្រាប់លោក Prabowo ថា កិច្ចសហប្រតិបត្តិការក្នុងចំណោមសមាជិកអាស៊ាន គឺមានសារៈសំខាន់ ក្នុងការថែរក្សាសន្តិសុខក្នុងតំបន់។

លោក Anwar មានវ័យ៧៨ឆ្នាំរូបនេះ បានលើកឡើងយ៉ាងដូច្នេះថា សម្រាប់ពេលនេះ នៅក្នុងការត្រួតពិនិត្យសន្តិសុខ ប្រទេសអាស៊ាន ពិសេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី ប្រ៊ុយណេ និងហ្វីលីពីន នឹងទទួលខុសត្រូវត្រួតពិនិត្យដំណើរការសន្តិភាពនេះ។

បើតាមរដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៊ី, ក្រៅពីជម្លោះកម្ពុជា-ថៃ មេដឹកនាំឥណ្ឌូណេស៊ី និងម៉ាឡេស៊ី ក៏បានពិភាក្សាអំពីបញ្ហាទ្វេភាគី ដូចជាការទាមទារដែនសមុទ្រត្រួតស៊ីគ្នា និងកាត់បន្ថយការចាប់ខ្លួនអ្នកនេសាទនៅក្នុងដែនទឹកមានជម្លោះ ដែលពីមុនជាបញ្ហារួមរឹតដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ៕

ប្រភព ៖ CNA ប្រែសម្រួល ៖ ឈឹម ទីណា

ads banner