ក្រសួងការងារប្រកាសដល់បងប្អូនកម្មសិក្សាការី-ពលករជំនាញកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការ អំពីរលកយក្សស៊ូណាមិនៅប្រទេសជប៉ុន
(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជម្រាបជូនដំណឹងដល់សាធារណជន ជាពិសេស បងប្អូន កម្មសិក្សាការី-ពលករជំនាញដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសជប៉ុនទាំងអស់ ឱ្យបានជ្រាបថា នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ៩:៤០នាទីព្រឹក (ម៉ោងនៅប្រទេសជប៉ុន) មានការប្រកាសអាសន្នអំពីរលកយក្ស ស៊ូណាមិរហូតដល់កម្ពស់ ៣ម៉ែត្រ នៅតំបន់ឆ្នេរប៉ាស៊ីហ្វិករបស់ប្រទេសជប៉ុន ចាប់ពីតំបន់ Hokkaido រហូតដល់ តំបន់ Kyushu ដែលអាចជះឥទ្ធិពលលើខេត្តមួយចំនួនដូចជា Hokkaido, Aomori, Iwate, Miyagi, Fukushima, Ibaraki, Chiba, Shizuoka, Aichi, Mie, និង Wakayama។
ក្រសួងបាននិងកំពុងតាមដានស្ថានការណ៍វិវត្តករណីនេះ ដោយធ្វើការយ៉ាងជិតស្និទ្ធជាមួយស្ថានឯកអគ្គ រាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន និងទីភ្នាក់ងារជ្រើសរើសឯកជនទាំងអស់ ដើម្បីធានាថា បងប្អូនកម្មសិក្សាការី-ពលករជំនាញដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងខេត្តដែលរងផលប៉ះពាល់ទាំងអស់ ទទួលបានការយកចិត្តទុកដាក់ និងស្ថិតនៅទីកន្លែងសុវត្ថិភាព៕



ដោយ ៖ ង៉ាន់ ទិត្យ