ក្រសួងការពារជាតិសហរដ្ឋអាម៉េរិកគ្រោងប្រើប្រាស់ថវិកាជាតិ សម្រាប់អភិវឌ្ឍន៍គ្រាប់មីស៊ីល បែងចែកយកទៅកសាងជញ្ជាំងព្រំដែនជាប់ម៉ិចស៊ីកូ
សហរដ្ឋអាម៉េរិក៖ មន្ទីរបញ្ចកោណនៃក្រសួងការពារជាតិអាម៉េរិក នឹងបង្វិលប្រាក់មួយផ្នែកសម្រាប់ការអភិវឌ្ឍគ្រាប់មីស៊ីលបាលីស្ទីគ រួមទាំងប្រព័ន្ធគ្រប់គ្រងការប្រកាសអាសន្នយកទៅសាងសង់ជញ្ជាំងព្រំដែន តាមបំណងប្រាថ្នារបស់លោក ដូណាល់ ត្រាំ ។
បើតាមការចុះផ្សាយរបស់កាសែត Washington Post ប្រាក់មួយផ្នែកដែលត្រូវយកទៅសង់ជញ្ជាំងព្រំដែនជាមួយប្រទេសម៉ិចស៊ីកូ គឺយកចេញពីបា្រក់សម្រាប់គម្រោងអភិវឌ្ឍន៍មីស៊ីលបាលីស្ទីគអន្តរទ្វីប LGM-30G Minuteman III ។ បន្ថែមពីលើនេះ មន្ទីរបញ្ចកោណក៏មានបំណងដកប្រាក់មួយផ្នែក នៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រង និងប្រកាសអាសន្នបំពាក់លើយន្ដហោះចម្បាំងផងដែរ ដោយសារតែគម្រោងនេះត្រូវបានពន្យារពេល ។
សូមរំលឹកថា កាលពីថ្ងៃទី១០ ខែមេសាកន្លងទៅ មន្ទីរបញ្ចកោណបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ១ពាន់លានដុល្លារ ជាមួយក្រុមហ៊ុនសាងសង់ជញ្ជាំងព្រំដែនចំនួន២ ។ ដោយឡែកកាលថ្ងៃទី១០ ខែឧសភា ក្រសួងការពារជាតិអាម៉េរិកបានប្រកាសថា ខ្លួនបានដកប្រាក់១.៥ពាន់លានដុល្លារពីកម្មវិធីជាច្រើន ក្នុងនោះរួមមានកម្មវិធីពាក់ព័ន្ធនឹងអាហ្វហ្គានីស្ថាន ដើម្បីផ្គត់ផ្គង់ដល់គម្រោងសង់ជញ្ជាំងព្រំដែន ៕ធ.ដ