អារ៉ាប៊ីសាអូឌីត ក្លាយជាប្រទេសទិញអាវុធច្រើនជាងគេបំផុតលើលោកចាប់ពីឆ្នំា២០១៤ ដល់ឆ្នំា២០១៨
សហរដ្ឋអាម៉េរិក ៖ អារ៉ាប៊ីសាអូឌីតបានក្លាយជាប្រទេសនាំចូលអាវុធដ៏ធំបំផុតនៅក្នុងពិភពលោកចាប់តំាងពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៨ នេះបើតាមរបាយការណ៍របស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm (SIPRI) ។
របាយការណ៍ដដែលបានឱ្យដឹងទៀតថា អារ៉ាប៊ីសាអូឌីតក៏ជាម៉ូយទិញអាវុធដ៏ធំបំផុតរបស់សហរដ្ឋអាម៉េរិកផងដែរ ដោយគិតពីចន្លោះឆ្នាំ២០១៤ និង២០១៨ ទីក្រុងរីយ៉ាដ ទទួលបាន២២ភាគរយ នៃអាវុធដែលសហរដ្ឋអាម៉េរិកនាំចេញទៅកាន់ពិភពលោក ខណៈចន្លោះពីឆ្នាំ២០០៩ និង២០១៣ ស្ថិតក្នុងអត្រាតែ ៤.៩ភាគរយប៉ុណ្ណោះ ។ លើសពីនេះទៅទៀត ក្នុងចន្លោះឆ្នាំ២០១៤ និងឆ្នាំ២០១៨ ដដែល អារ៉ាប៊ីសាអូឌីតទទួលបានយន្ដហោះចម្បាំង ៥៦គ្រឿងពីសហរដ្ឋអាម៉េរិក និង៣៨គ្រឿងពី ចក្រភពអង់គ្លេស។
បើតាមវិទ្យាស្ថានខាងលើ លំហូរចូលអាវុធទៅកាន់តំបន់មជ្ឈិមបូព៌ាមានការកើនឡើងទ្វេដងក្នុងរយៈពេល០៥ឆ្នាំចុងក្រោយនេះ ដោយសារតែតំបន់នោះ ជាតំបន់ដែលបានកើតមានសង្គ្រាមរាប់ទសវត្សរ៍ មានដូចជា បដិវត្តន៍នៅតំបន់អាហ្វ្រិកខាងជើងដែលស្ថិតនៅក្បែរខាង សង្គ្រាមនៅស៊ីរី ការគំរាមកំហែងដោយក្រុមភេរវករ ISIS រួមទាំងការប្រជែងគ្នារវាងសម្ព័ន្ធមិត្តរុស្ស៊ី និងអាម៉េរិក នៅក្នុងការអភិវឌ្ឍវិស័យការពារប្រទេសជាដើម ៕ធ.ដ