អ៊ីរ៉ង់បង្ហាញការព្រួយបារម្ភ បន្ទាប់ពីនាវាដឹកប្រេងជាច្រើនគ្រឿងរងការវាយប្រហារនៅអេមីរ៉ាតអារ៉ាប់រួម
អ៊ីរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Abbas Mousavi បានសម្ដែងការព្រួយបារម្ភជាខ្លាំង ពាក់ព័ន្ធនឹងការវាយប្រហារដោយចេតនាលើនាវាដឹកប្រេងចំនួន៤គ្រឿងនៅឯកំពង់ផែមួយកន្លែងរបស់ប្រទេសអេមីរ៉ាតអារ៉ាប់រួម ។
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់រូបនេះ បានបញ្ជាក់បន្ថែមថា ការវាយប្រហារ លើនាវាដឹកប្រេង៤គ្រឿងកាលពីថ្ងៃអាទិត្យសប្តាហ៍មុន នឹងបង្កផលប៉ះពាល់អវិជ្ជមានយ៉ាងខ្លាំងដល់សន្តិសុខដឹកជញ្ជូនប្រេង ហើយលោកក៏បានព្រមានផងដែរ ពីជនទី៣ ដែលមានបំណងបំផ្លាញស្ថេរភាព និងសន្តិភាពនៅក្នុងតំបន់ ។
ការកត់សម្គាល់បែបនេះរបស់លោក Mousavi ធ្វើឡើងក្រោយរដ្ឋមន្រ្តីក្រសួងថាមពលអារ៉ាប៊ីសាអូឌីត លោក ខាលីដ អាល់ហ្វាលី បានឲ្យដឹងថា នាវាដឹកប្រេង ០២គ្រឿងរបស់អារ៉ាប៊ីសាអូឌីតស្ថិតនៅក្នុងចំណោមនាវាដឹកប្រេង៤គ្រឿង ដែលរងការខូតខាតដោយការវាយប្រហារនៅក្នុងដែនសមុទ្រក្បែរទីក្រុងកំពង់ផែ ហ្វ៊ូហ្សៃរ៉ាហ៍ (Fujairah) ប្រទេសអេមីរ៉ាតអារ៉ាប់រួម ៕ធ.ដ