យន្តហោះផ្ទុកមនុស្ស៨៩នាក់ចុះចតដោយគ្មានកង់មុខ នៅមីយ៉ាន់ម៉ា
សារព័ត៌មាន CNN បានចេញផ្សាយថា ភីឡុត ឬអ្នកបើកបរនៅប្រទេសមីយ៉ាន់ម៉ាបានចុះចតយន្តហោះមួយគ្រឿងដោយជោគជ័យ ទោះបីជាប្រើកង់ចំហៀងសងខាងស្លាប នៅពេលដែលកង់ខាងមុខមានបញ្ហា ដែលមិនអាចបើកចេញបាន។ជើងហោះហើរអាកាសចរណ៍មីយ៉ាន់ម៉ាលេខ ១០៣ បានដឹកអ្នកដំណើរ៨៩នាក់ពីទីក្រុងយង់ហ្គូន ទៅកាន់ទីក្រុងម៉ាន់ដាឡៃ។
ក្រុមហ៊ុនអាកាសចរណ៍មីយ៉ាន់ម៉ាបានឲ្យដឹងថា ភីឡុតឈ្មោះថា Myat Moe Aung បានអនុវត្តនីតិវិធីសង្គ្រោះបន្ទាន់ ហើយបានធ្វើឲ្យមានចំហេះសាំង ដែលធ្វើឲ្យយន្តហោះស្រាលជាងមុន ក្នុងពេលចុះចត។ មុនពេលទម្លាក់យន្តហោះ ដោយកង់ក្រោយ គាត់បានទម្លាក់ច្រមុះ ទៅលើផ្លូវយន្តហោះ ដែលវាប៉ះទង្គិចប្រមាណ ២៥វិនាទី មុនពេលឈប់។ អាកាសចរណ៍នេះក៏បានបញ្ជាក់ថា មិនមានមនុស្សស្លាប់ ឬ របួសទេ។ ក្រោយចុះចត អាជ្ញាធរសង្គ្រោះបានអន្តរាគមន៍ភ្លាមៗ ដើម្បីនាំអ្នកដំណើរទាំងអស់ចេះពីយន្តហោះ។
រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូននៃប្រទេសមីយ៉ាន់ម៉ា Win Khant បានសរសើរថា «អ្នកបញ្ជាយន្តហោះពិតជាបានធ្វើកិច្ចការងារដ៏អស្ចារ្យ»
សូមបញ្ជាក់ផងដែរថា នេះជាឧបទ្ទវហេតុទី ២ ក្នុងប្រទេសមីយ៉ាន់ម៉ាក្នុងខែនេះ បន្ទាប់ពីមានយន្តហោះបង់ក្លាដេសមួយគ្រឿងរត់ធ្លាក់ផ្លូវយន្តហោះ កាលពីថ្ងៃ៨ ដែលបណ្ដាលឲ្យមនុស្សចំនួន ១៧រូបរងរបួស៕ធ.ដ