រដ្ឋមន្ត្រីទេសចរណ៍ និងឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ អញ្ជើញសម្ពោធសណ្ឋាគារប្រណិតផ្កាយប្រាំ ក្នុងខេត្តសៀមរាប
(សៀមរាប)៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញ សម្ពោធ សណ្ឋាគារ TUI BLUE Angkor Grace ដ៏ល្អប្រណិតនៅក្នុងខេត្តសៀមរាប ដែល មាន ១៦១យូនិត លំដាប់ផ្កាយប្រាំ ត្រូវបានប្រារព្វឡើងនាល្ងាចថ្ងៃទី៣០ ខែកក្តដា ឆ្នាំ២០២៥ ដោយមានការចូលរួមឯកឧត្ដម Stefan Messerer ឯកអគ្គរដ្ឋទូត សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា ឯកឧត្តម ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប រួមទាំងភ្ញៀវកិត្តិយស់ចូលរួមជាច្រើននាក់ ស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គម ក្រុងសៀមរាប ខេត្តសៀមរាប ។
សណ្ឋាគារ TUI BLUE Angkor Grace គឺជារមណីយដ្ឋានដ៏ល្អឯកលំដាប់អន្តរជាតិ ស្តង់ដាខ្ពស់នៃគុណភាពសេវាកម្មលំដាប់ពិភពលោក សម្រាប់ភ្ញៀវទេសចរណ៍អន្តរជាតិ បែបទំនើបតែមួយគត់នៅលើទឹកដីខេត្តសៀមរាប និងជាទិសដៅដែលល្អឥតខ្ចោះ សាកសមបំផុតសម្រាប់ភ្ញៀវទេសចរណ៍ដែលត្រូវការ សម្រាកលំហែរពីភាពហត់នឿយ ជាមួយបរិយាកាសដ៏ស្ងប់ស្ងាត់បែបវប្បធម៌ខ្មែរ ទីកន្លែងស្អាតមានផាសុខភាពប្រណិតទំនើបស្ដង់ដាអន្តរជាតិ ។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចូលរួមអបអរសាទរយ៉ាងកក់ក្តៅបំផុត ចំពោះក្រុមហ៊ុន TUI Hotels & Resorts ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយ នៃការពង្រីកវត្តមានរបស់ក្រុមហ៊ុន TUI នៅទីនេះក្នុងប្រទេសកម្ពុជា នឹងរួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍ ឧស្សាហកម្មទេសចរណ៍នៅកម្ពុជា ជាពិសេស លើផ្នែកបដិសណ្ឋារកិច្ច និងការស្នាក់នៅ និងជាលទ្ធផលនៃកិច្ចពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ ក្នុងឱកាសពិព័រណ៍អន្តរជាតិប៊ែរឡាំង ។
ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ប្រទេសកម្ពុជា បន្តរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍលើគ្រប់វិស័យ ទាក់ទងនឹងស្ថានភាពតានតឹងព្រំដែនបច្ចុប្បន្ន មានស្ថានភាពជម្លោះរវាងកម្ពុជា និងថៃបានធូរស្បើយ ក្រោមបទឈប់បាញ់ដែលបានចូលជាធរមាន និងជាទំនុកចិត្តថា កម្ពុជានៅតែជាគោលដៅសន្តិភាព និងសុវត្ថិភាពសម្រាប់ទាំងអស់គ្នាក្នុងតំបន់ទេសចរណ៍ និងតំបន់ទេសចរណ៍បេតិកភណ្ឌដ៏ល្បីល្បាញរបស់យើងកំពុងដំណើរការជាធម្មតា និងត្រៀមខ្លួនជាស្រេចដើម្បីស្វាគមន៍ភ្ញៀវទេសចរណ៍ គ្រប់រូបដោយសន្តិភាព និងភាពកក់ក្តៅ ដើម្បីមកទស្សនាប្រទេសកម្ពុជា ស្វែងយល់ពីសម្បត្តិវប្បធម៌ដ៏សម្បូរបែបរបស់យើង និងបន្តគាំទ្រ និងលើកស្ទួយប្រទេសកម្ពុជា កម្ពុជាបានត្រៀមខ្លួនជាស្រេចក្នុងការទទួលបដិសណ្ឋារកិច្ចដ៏កក់ក្តៅចំពោះភ្ញៀវ និងអ្នកវិនិយោគិនអន្តរជាតិ តាមរយៈការលើកកម្ពស់បរិយាកាសបដិសណ្ឋារកិច្ច ដើម្បីឆ្លើយតបតាមតម្រូវការរបស់ភ្ញៀវ និងអ្នកវិនិយោគិនអន្តរជាតិ ។
ក្រសួងទេសចរណ៍ កំពុងធ្វើការយ៉ាងសកម្មក្នុងការប្រែក្លាយឱ្យរដូវថយភ្ញៀវ តាមរយៈការបង្កើតនូវរដូវកាលបៃតង ដែលជារយៈពេលដែលភ្ញៀវទេសចរ អាចទទួលបាននូវបទពិសោធ និងសម្រស់ដ៏ល្អឯករបស់ប្រទេសកម្ពុជានារដូវវស្សា អំឡុងពេលនេះ ទេសភាព ពោរពេញដោយពណ៌បៃតង អាកាសធាតុត្រជាក់ និងបរិយាកាសដ៏ស្ងប់ស្ងាត់ ដែលនាំមកនូវបទពិសោធទេសចរណ៍ដ៏សែនស្រស់ស្រាយ និងកំពុងលើកទឹកចិត្តភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទទួលយកភាពស្រស់ស្អាតនារដូវកាលបៃតង និងស្វែងយល់ពីសម្បត្តិធម្មជាតិ និងវប្បធម៌របស់ប្រទេសកម្ពុជា ។
ឯកឧត្តម រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋត្រូវដើរតួរសំខាន់ក្នុងការ ធ្វើជាម្ចាស់ប្រទេសម្ចាស់ផ្ទះ ចូលរួមផ្សព្វផ្សាយទេសចរណ៍សន្តិភាព បុគ្គលម្នាក់ៗ គឺជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់ ដែលជាការជំរុញលើកទឹកចិត្តឱ្យបុគ្គលគ្រប់រូបដើរតួនាទីក្នុងការលើកកម្ពស់ទេសចរណ៍វប្បធម៌ និងធម្មជាតិនៅកម្ពុជា ទន្ទឹមនឹងការអភិវក្សអត្តសញ្ញាណខ្មែរ ៕
ដោយ ៖ វណ្ណលុក









