សម្តេចរដ្ឋសភាធិបតី ឃួន សុដារី វាយតម្លៃខ្ពស់ចំពោះការរៀបចំ កិច្ចប្រជុំកំពូល​ប្រធានសភាស្រ្តី និងសន្និសីទប្រធានសភាពិភពលោក របស់ IPU

(ប្រទេសស្វីស)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា​នៃព្រះរាជាណាចក្រកម្ពុជា បានឆ្លៀតពេលនៅក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូល​ប្រធានសភាស្រ្តីលើកទី១៥ និងសន្និសីទប្រធានសភាពិភពលោក លើកទី៦ នៅទី ក្រុងហ្សឺណែវ ប្រទេសស្វីស បានជួបពិភាក្សាការងារជាមួយ លោកស្រី ទូលៀ អ៊ែក សិន (Tulia Acson) ប្រធានសភាតង់ហ្សានី និងជាប្រធានសហភាពអន្តរសភា (IPU) នៅថ្ងៃទី៣០ ខែកក្កដាឆ្នាំ២០២៥ នៅ ក្រុងហ្សឺណែវ ប្រទេសស្វីស។

លោកស្រី ទូលៀ អ៊ែកសិន បានអបអរសាទរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផល​នានា​ដែលកម្ពុជាសម្រេចបាន និងការចូលរួមយ៉ាងសកម្មរបស់កម្ពុជាក្នុងក្របខណ្ឌ IPU។ លោកស្រីជឿជាក់ថា កម្ពុជានឹងបន្តលើមាគ៌ាដ៏ត្រឹមត្រូវ ដើម្បីអនាគតមួយ​ដ៏ប្រសើរ សម្រាប់ប្រជាជន និងប្រទេសជាតិ។

ក្នុងជំនួបទ្វេភាគីនេះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់ទាក់ទងនឹងស្ថានការណ៍តំបន់ និងអន្តរជាតិ ជាពិសេសទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា- IPU។ លោកស្រីប្រធានIPU បានអបអរសាទរចំពោះបទឈប់បាញ់ដែលកម្ពុជានិងថៃ​បាន​ព្រមព្រៀងគ្នា។ បទឈប់បាញ់នេះ ពិតជាមានសារៈសំខាន់នៅក្នុងការធានាការពារ​សុខសន្តិភាព សុវត្ថិភាពជូនពលរដ្ឋទាំងពីរប្រទេស។

ជាមួយគ្នានេះ លោកស្រីបានគូសបញ្ជាក់ថាសុន្ទរកថារបស់សម្តេចពីករណីផ្ទុះអាវុធ​តាមព្រំដែនប្រទេសទាំងពីរ បានធ្វើឡើងមួយថ្ងៃមុន បទឈប់បាញ់បានឯកភាពគ្នា​ហើយលោកស្រីជាសាក្សីម្នាក់នៅក្នុងករណីនេះ។

សម្តេចប្រធានរដ្ឋសភានិង លោកស្រី ទូលៀ អ៊ែកសិន បានយល់ស្របដូចគ្នាថា ពិភពលោកកំពុងស្ថិតក្នុងរបត់មួយដ៏គ្រោះថ្នាក់ ពិបាកទាយទុកជាមុន ប្រកបដោយហានិភ័យខ្ពស់។ ក្នុងបរិបទនេះ ការទូតសភាដើរតួនាទីយ៉ាងសំខាន់ ក្នុងការកសាងសន្តិភាព តាមរយៈការគ្រប់គ្រងជម្លោះ និងការបង្ការជម្លោះ។ សភា ដែលជាតំណាងប្រជាពលរដ្ឋ យល់ច្បាស់ពីតម្រូវការ និងក្តីប្រាថ្នារបស់ប្រជាជន នោះគឺសន្តិភាព និងការអភិវឌ្ឍ។

បន្ថែមទៅទៀត សម្តេចរដ្ឋសភាធិបតី បានបង្ហាញការគាំទ្រចំពោះលោកជំទាវ ទូលៀ អ៊ែកសិន ក្នុងតួនាទីធ្វើជាប្រធាន IPU ដែលបានខិតខំយ៉ាងខ្លំាងនៅក្នុងការលើក​កម្ពស់​​យន្តការសភា កិច្ចសហប្រតិបត្តិការ ពោលក្រៅពីការរៀបចំមហាសន្និបាត​ប្រចាំឆ្នាំហើយ បានរៀបចំកិច្ចប្រជុំកំពូលប្រធានសភាស្រ្តី និងសន្និសីទប្រធាន​សភាពិភពលោកដែលជាការផ្តល់ឱកាសជូនថ្នាក់ដឹកនាំនិងសមាជិក ស្ថាប័ន​នីតិប្បញ្ញត្តិទូទៅទំាងពិភពលោកបានជួបជុំគ្នា ចែករំលែកបទពិសោធន៍​ផ្លាស់​ប្តូរទស្សនៈ យោបល់គ្នាដើម្បីសុខដុមរមនារបស់ពលរដ្ឋប្រកបដោយចីរភាព បរិយាប័ន្ន និងវិបុលភាព ៕

ដោយ ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner