ក្រសួងអប់រំ នឹងផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ដែលបានវិលត្រឡប់ពីប្រទេសថៃវិញ ចំនួន ១៧២នាក់
(ភ្នំពេញ)៖ ក្រសួងអប់រំនឹងផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាដែលបានវិលត្រឡប់ពីប្រទេសថៃ ឱ្យសិក្សានៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជនក្នុងប្រទេសកម្ពុជា ក្រោមឈ្មោះថា អាហារូបករណ៍សម្តេចតេជោ។
ក្នុងសេចក្តីប្រកាសនៅថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២៥នេះ ក្រសួងអប់រំបានបញ្ជាក់ថា ចាប់តាំង ពីមានការផ្ទុះអាវុធនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ រហូតដល់ព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ និស្សិតដែលបានវិលត្រឡប់ពីប្រទេសថៃមកកាន់ប្រទេសកម្ពុជាវិញមានចំនួន ៤២៣នាក់។ និស្សិតចំនួន ១៧២នាក់ ក្នុងចំណោម ៤២៣នាក់ បានស្នើសុំអាហារូបករណ៍ពីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីបន្តការសិក្សានៅតាមបណ្តាគ្រឹះស្ថាន ឧត្តមសិក្សាសាធារណៈ និងឯកជនក្នុងប្រទេសកម្ពុជា។
ក្រសួងអប់រំបានបញ្ជាក់ដែរថា ដោយមានការយកចិត្តទុកដាក់ខ្ពស់បំផុតពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អាហារូបករណ៍ក្រោមឈ្មោះថា អាហារូបករណ៍សម្តេចតេជោ នឹងផ្តល់ជូននិស្សិតកម្ពុជាទាំង ១៧២នាក់ ឱ្យបន្តការសិក្សានៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជន ក្នុងប្រទេសកម្ពុជា ៕
ដោយ ៖ ម៉ាដេប៉ូ
