រដ្ឋមន្ត្រីក្រសួងកសិកម្ម បន្តសួរសុខទុក្ខពុកម៉ែបងប្អូនភៀសសឹក នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ កាលពី ទី៣០ ខែកក្កដា ឆ្នាំ២០២៥ បន្តសួរសុខទុក្ខ និងនាំយកស្បៀងជូនពុកម៉ែបងប្អូនភៀសសឹកនៅទីតាំងសុវត្ថិភាព ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
ឯកឧត្តមប្រធានក្រុមការងារ បានជម្រាបជូនពុកម៉ែបងប្អូនអំពីការចរចាបទឈប់បាញ់ និងស្ថានភាពតំបន់ព្រំដែននៅខេត្តបន្ទាយមានជ័យ។ រាជរដ្ឋាភិបាល និងអាជ្ញាធរខេត្តនឹងបន្តគាំពារពុកម៉ែបងប្អូនទាំងអស់រហូតដល់អាចវិលត្រឡប់ទៅផ្ទះសំបែងវិញ។
តមក ឯកឧត្តម ឌិត ទីណា បានអញ្ជើញចូលរួមការវេចនំអន្សមជាមួយប្រជាពលរដ្ឋនៅស្រុកថ្មពួក សម្រាប់ផ្គត់ផ្គង់នំអន្សមចំនួន ៥០០០ ដើម ជូនពុកម៉ែបងប្អូនភៀសខ្លួនមកទីតាំងសុវត្ថិភាព និងកងកម្លាំងការពារតំបន់ព្រំដែននៃខេត្តបន្ទាយមានជ័យ។
ឯកឧត្តមប្រធានក្រុមការងារ បានកោតសរសើរ ឯកឧត្តម ប្រាក់ ដាវីដ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកថ្មពួក ព្រមទាំងអាជ្ញាធរស្រុក ចំពោះការររៀបចំកម្មវិធីវេចនំអន្សមនេះ ដើម្បីឱ្យពុកម៉ែបងប្អូនទទួលបានស្បៀងបន្ថែមផង និងចូលរួមវេចនំអន្សមជូនកងទ័ពជួរមុខផង។
ឯកឧត្តម ឌិត ទីណា បានទទួលអំណោយជាស្បៀង គ្រឿងបរិក្ខារប្រើប្រាស់ និងគ្រាប់ពូជបន្លែ សម្រាប់ចែកជូនពុកម៉ែបងប្អូនដែលបានភៀសខ្លួនមកទីតាំងសុវត្ថិភាព ក្នុងខេត្តបន្ទាយមានជ័យ ។
ក្នុងនាមក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះក្រុមហ៊ុន អ៊ីស្ត វេស ស៊ីដ (ខេមបូឌា) ខមភេនី លីមីធីត សម្រាប់ទឹកចិត្តផ្ដល់ជំនួយជូនពុកម៉ែបងប្អូនក្នុងគ្រាលំបាកបែបនេះ ៕







ប្រភព ៖ ក្រសួងកសិកម្ម