ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន អញ្ជើញគោរពវិញ្ញាណក្ខន្ធសពវីរៈកងទ័ព លោក អនុសេនីយ៍ត្រី ភាព សោភ័ណ ដែលបានពលីជីវិតក្នុងសង្គ្រាមសមរភូមិមុខ នៅស្រុកស្ទឹងត្រង់

(កំពង់ចាម)៖ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា អមដំណើរដោយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូ គោរពវិញ្ញាណក្ខន្ធសព និងនាំយកសារលិខិតរំលែកមរណទុក្ខ ព្រមទាំង ថវិកា ជូនគ្រួសារសព នៅភូមិបែកអន្លូងទី២ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ជូនចំពោះ លោក អនុសេនីយ៍ត្រី ភាព សោភ័ណ យោធិននៃបញ្ជាការដ្ឋានយោធភូមិភាគទី២ កងទ័ពជើងគោក បានពលីជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិ ដែលឈរជើងនៅចំណុចតំបន់ប្រាសាទតាក្របី ។

ក្នុងឱកាសដ៏សោកសង្រេង និងក្តុកក្តួលបំផុតនេះ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ក៏បានពាំនាំមកនូវការចូលរួមមរណៈទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចំពោះការលះបង់អាយុជីវិតរបស់សព លោកអនុសេនីយ៍ត្រី ភាព សោភ័ណ ក្នុងការការពារបូរណភាពទឹកដី និងប្រជាជនកម្ពុជា។

ឯកឧត្តមសន្តិបណ្ឌិត បានបង្ហាញនូវសេចក្ដីក្ដុកក្ដួលរំជួលចិត្តឥតឧបមា ចូលរួមរំលែកមរណៈទុក្ខដ៏ក្រៀមក្រំបំផុតជាមួយលោកស្រី ជឹង គឹមហ៊ាង ត្រូវជាភរិយារបស់ លោក អនុសេនីយ៍ត្រី ភាព សោភ័ណ ព្រមទាំងក្រុមគ្រួសារ និងបានមានប្រសាសន៍សង្កត់ធ្ងន់ថា លោក អនុសេនីយ៍ត្រី ជាវីរជនដ៏អង់អាចរបស់ជាតិ ក្នុងចំណោមវីរៈជនឆ្នើមដ៏អស្ចារ្យជាច្រើនរូបទៀត ដែលបានតស៊ូប្រយុទ្ធជាមួយសត្រូវដ៏សាមាន្យ ប្រកបដោយភាពអង់អាចក្លាហាន ហ៊ានបូជាសាច់ស្រស់ ឈាមស្រស់ ធ្វើពលិកម្មដើម្បីបុព្វហេតុជាតិនិងប្រជាជន។

ឯកឧត្តមសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តី បញ្ជាក់ទៀតថា ថ្នាក់ដឹកនាំខេត្ត និងមន្ត្រីរាជការស៊ីវិល កងកម្លាំង បងប្អូនប្រជាពលរដ្ឋ ជនរួមជាតិទាំងក្នុង និងក្រៅប្រទេស ចងចាំជាអមតៈនូវគុណបំណាច់នៃពលិកម្មដ៏ធំធេងឥតគណនាបានរបស់ លោក អនុសេនីយ៍ត្រី ភាព សោភ័ណ រួមទាំងយុទ្ធជនពលីដ៏អង់អាចផ្សេងទៀតរបស់ជាតិ ព្រមទាំងបានប្ដេជ្ញាចិត្តបន្តរួបរួមកម្លាំងមហាសាមគ្គីជាតិ គាំទ្ររាជរដ្ឋាភិបាល បន្តការពារបូណភាពទឹកដី និងអធិបតេយ្យភាពជាតិ ឱ្យបានជាដាច់ខាត ។

សូមបញ្ជាក់ថា លោក អនុសេនីយ៍ត្រី ភាព សោភ័ណ្ឌ អាយុ ៤៦ឆ្នាំ បម្រើការងារនៅកងពលលេខ២១ ចំណុះយោធភូមិភាគ២ មានភរិយាឈ្មោះ ជឹង គឹមហ៊ាង អាយុ៤៥ឆ្នាំ ប្រកបរបរ លក់បាយក្នុងផ្សារបែកអន្លូង មានកូនចំនួន៤នាក់ ស្រី៤នាក់ កូនទី១. ឈ្មោះ ភាព លីហ័ង អាយុ២៦ឆ្នាំ ,ទី២ ឈ្មោះ ភាព មួយជ័ង ,ទី៣ ឈ្មោះ ភាព មិថុនា និងទី៤ ឈ្មោះ ភាព ចន្ទតារា ១៣ឆ្នាំ ៕

លី ពៅ

ads banner