UN ព្រមានថា ក្រុមរដ្ឋឥស្លាម និងអាល់កៃដា កំពុងចាប់កំណើតនៅស៊ីរី និងទ្វីបអាហ្វ្រិក
អ.ស.ប ៖ អ្នកជំនាញអង្គការសហប្រជាជាតិបាននិយាយនៅក្នុងរបាយការណ៍ថ្មីមួយថា ការគំរាមកំហែងរបស់ក្រុមរដ្ឋអ៊ីស្លាម និងក្រុមជ្រុលនិយមអាល់កៃដា រួមទាំងដៃជើងរបស់ពួកគេ កំពុងលេចឡើងកាន់តែខ្លាំងក្លាបំផុតនៅក្នុងតំបន់នៃទ្វីបអាហ្រ្វិក ពិសេសស៊ីរី ដែលជាប្រទេសត្រូវបានក្រុមឧទ្ទាទាំងពីរចាត់ទុកថា ជា “មូលដ្ឋានយុទ្ធសាស្ត្រសម្រាប់ប្រតិបត្តិការខាងក្រៅ”។
សារព័ត៌មាន AP បានចុះផ្សាយនៅថ្ងៃទី៣១ ខែកក្កដាថា របាយការណ៍របស់អ្នកជំនាញយូអិនផ្ញើទៅកាន់ក្រុមប្រឹក្សាសន្តិសុខ បានឱ្យដឹងថា ក្រុម Jama’at Nasr al-Islam wal-Muslimin ដែលមានទំទាក់ទំទងជាមួយក្រុមអាល់កៃដានៅអាហ្វ្រិកខាងលិច ហៅកាត់ថា JNIM និងក្រុម al-Shabab ដែលមានទំនាក់ទំនងជាមួយក្រុមអាល់កៃដានៅអាហ្វ្រិកខាងកើត កំពុងបន្តព្យាយាមពង្រីកទឹកដីឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ពួកគេ។
អ្នកជំនាញដែលឃ្លាំមើលការដាក់ទណ្ឌកម្មប្រឆាំងនឹងក្រុមជ្រុលនិយមទាំងពីរនេះ បាននិយាយថា មានការព្រួយបារម្ភកាន់តែខ្លាំងឡើង ទាក់ទិននឹងក្រុមភេរវករបរទេសដែលវិលត្រឡប់ទៅកាន់អាស៊ីកណ្តាល និងអាហ្វហ្គានីស្ថាន ក្នុងគោលបំណងបំផ្លាញសន្តិសុខក្នុងតំបន់។
ក្រុមអ្នកជំនាញក៏បានព្រមានដែរថា ក្រុមរដ្ឋអ៊ីស្លាមនៅតែបន្តតំណាងឱ្យការគំរាមកំហែងដ៏សំខាន់បំផុតចំពោះទ្វីបអឺរ៉ុប និងអាមេរិក។ តួយ៉ាង នៅសហរដ្ឋអាមេរិក ក្រុមអ្នកជំនាញបាននិយាយថា ផែនការវាយប្រហារភេរវករជាច្រើន ត្រូវបានជំរុញដោយជម្លោះនៅហ្គាហ្សា រវាងអ៊ីស្រាអែល-ក្រុមហាម៉ាស់ ឬដោយបុគ្គលចាត់បញ្ជូនដោយក្រុម IS ដែលត្រូវបានគេស្គាល់ថា ជាពួក ISIL។
បើតាមរបាយការណ៍របស់អ្នកជំនាញ, ប្រាក់ខែអ្នកប្រយុទ្ធរដ្ឋអ៊ីស្លាមត្រូវបានកាត់បន្ថយពី៧០មកត្រឹម៥០ដុល្លារក្នុងមួយខែ និង ៣៥ដុល្លារក្នុងមួយគ្រួសារ ទាបជាងពេលណាៗទាំងអស់ ក្រោយត្រូវបានផ្តួលរលំ ហើយមិនបានបង់ទៀងទាត់ដល់សមាជិកទេ ដែលនេះបង្ហាញពីវិបត្តផ្នែកហិរញ្ញវត្ថុរបស់ក្រុមភេវរករ ខណៈអ្នកជំនាញមិនបានបញ្ជាក់ពីប្រាក់ខែពីមុនទេ។
អ្នកជំនាញបានបង្ហើបឱ្យដឹងទៀតថា ប្រភពហិរញ្ញវត្ថុចម្បង ទាំងក្រុមអាល់កៃដា និងក្រុមរដ្ឋអ៊ីស្លាម រួមមានការកេងប្រវ័ញ្ចធនធានដទៃ ការយកពន្ធសហគមន៍មូលដ្ឋាន ការចាប់ជំរិតដោះដូរលុយ និងការកេងប្រវ័ញ្ចពីការធ្វើអាជីវកម្មជាដើម៕
ប្រភព ៖ AP ប្រែសម្រួល ៖ ឈឹម ទីណា
