ក្រសួងបរិស្ថាន រៀបចំសិក្ខាសាលាប្រកាសដាក់ឱ្យអនុវត្តគម្រោង ស្តីពី ទប់ស្កាត់ការ​បំពុលដោយផ្លាស្ទិកសម្រាប់សមាគមន៍ និងទន្លេមេគង្គនៅកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញចូលរួម​ក្នុងសិក្ខាសាលាប្រកាសដាក់ឱ្យអនុវត្តគម្រោង ស្តីពី “ទប់ស្កាត់ការបំពុលដោយ​ផ្លាស្ទិក​សម្រាប់សមាគមន៍ និងទន្លេមេគង្គនៅកម្ពុជា” ដោយមានការចូលរួមពីលោក Chen Cong អគ្គទីប្រឹក្សានៃស្ថានទូតចិន ប្រចាំកម្ពុជា តំណាងមកពីក្រសួងបរិស្ថាន សាកលវិទ្យាល័យ សាលារាជធានី ខេត្ត មន្ទីរបរិស្ថានរាជធានី-ខេត្ត ដៃគូអភិវឌ្ឍន៍ និងអ្នកពាកព័ន្ធ នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ នៅសណ្ឋាគារ កាំបូឌីយ៉ា​ណា រាជធានីភ្នំពេញ។

ឯកឧត្តម ជួប ប៉ារីស៍ បានថ្លែងថា បច្ចុប្បន្ន សំណល់ប្លាស្ទិកដែល​បានបោះចោល​ភាគច្រើន ជាប្លាស្ទិកដែលប្រើតែមួយដងបោះចោល ដោយថង់ប្លាស្ទិកប្រមាណ ១០លានថង់ ត្រូវបានប្រើប្រាស់ជារៀងរាល់ថ្ងៃនៅក្នុងរាជធានីភ្នំពេញ ខណៈប្រជា​ពលរដ្ឋកម្ពុជាម្នាក់ៗដែលរស់នៅក្នុងក្រុងនានា ប្រើប្រាស់ថង់ប្លាស្ទិកជាង ២ពាន់​ថង់/ឆ្នាំ ប្រមាណជា ១២ ថង់/ខ្នងផ្ទះ/ថ្ងៃ ។ សំណល់ប្លាស្ទិកទាំងនោះ មួយចំនួន​បាន​ប្រមូលទៅទីលានចាក់សំរាម ប៉ុន្តែមួយចំនួនទៀតដែលសល់ ត្រូវបានចោល និងហូរចូលក្នុងទន្លេ បឹងបួរ រួចបន្តហូរចូល សមុទ្រ និងបានបង្ករការគំរាមគំហែង​យ៉ាងធ្ងន់ធ្ងរដល់បរិស្ថានធម្មជាតិ ជីវៈជម្រុះ វដ្តអាហារ សុខភាពមនុស្សសត្វ សោភ័ណ​ភាព និងសេដ្ឋកិច្ចជាតិ ។

ឯកឧត្តមបន្តថា ដើម្បីដោះស្រាយ បញ្ហាដែលកំពុងកើនឡើងដោយការ​បំពុល​ដោយ​ប្លាស្ទិកប្រកបដោយប្រសិទ្ធភាព ក្រសួងបរិស្ថាន បានដាក់ឱ្យអនុវត្តអនុក្រឹត្យ​លេខ ១៦៨ ផ្តោតចំពោះផ្សារទំនើប និងមជ្ឈមណ្ឌល ពាណិជ្ជកម្មធំៗ ដោយបាន​កំណត់​ឱ្យមានការយកថ្លៃសេវាតិចតួចបន្ថែមលើថង់ប្លាស្ទិក ដើម្បីបន្តពង្រឹងវិធានការពាក់​ព័ន្ធ​នឹងការគ្រប់គ្រងប្លាស្ទិកតាំងពីឆ្នាំ២០១៨។ ចាប់តាំងពីពេលនោះមក ការប្រើ​ប្រាស់​ថង់ប្លាស្ទិកនៅតាមផ្សារទំនើបធំៗបានថយចុះជាង ៥០%។ ក្រសួងបរិស្ថាន ក៏បានជំរុញលើកទឹកចិត្តឱ្យប្រជាពលរដ្ឋ និងអាជីវករបង្កើនការប្រើប្រាស់ផលិតផល​ដែលអាចយកមកប្រើឡើងវិញ ជំនួសឱ្យប្លាស្ទិកដូចជាវត្ថុធាតុដើមធម្មជាតិ ឬ​ផលិតផល​ដែលអាចប្រើប្រាស់ឡើងវិញច្រើនលើក។ ការនាំចូលថង់ប្លាស្ទិក​បាន​ថយចុះរហូតដល់ ៨៨% ធៀបនឹងឆ្នាំ២០២៣ ។

ទន្ទឹមនេះ កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភព​លោក ក្រោមប្រធានបទ ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក បានប្រារព្ធធ្វើឡើង​ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់ព្រះករុណាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ​កម្ពុជា ដែលជាការបង្ហាញឱ្យឃើញពីការយកព្រះទ័យទុកដាក់របស់​ព្រះករុណា​ជា​អម្ចាស់ជីវិតតម្កល់លើត្បូងលើបញ្ហាបរិស្ថាន។ ជាក់ស្តែង ក្រសួងបរិស្ថាន បាន​និង​កំពុង​អនុវត្តយុទ្ធនាការ (ក) “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” ដែលការចូលរួមពី​សាធា​រណៈ​ជនសរុបជាង ១០លាន អង្គ/នាក់ (ខ) “កម្ពុជាស្អាត ខ្មែរធ្វើបាន” ដែល​ការចូលរួមពី សាធារណៈជនសរុបជាង ៥,៧លាន អង្គ/នាក់ (គ) យុទ្ធនាការ “ផ្លូវ​ជាតិ​ស្អាត គ្មានសំរាម និងសំណល់ប្លាស្ទិក” ដែលការចូលរួមពីសាធារណៈជន​ជា​ច្រើនាក់ និង (ឃ) យុទ្ធនាការ “ពន្លកបៃតង” ដែលបានចែកកូនឈើ ដល់សាធារណៈ​ជន​យកទៅដាំដុះសរុបចំនួនជាង ១,៨លានដើម និងបន្តបណ្តុះកូនឈើសម្រាប់​ចែកជូន​សាធារណៈជនបានចំនួនប្រមាណជាង ៣លានដើម ។

ឯកឧត្តម ជួប ប៉ារីស៍ បានបញ្ជាក់ថា គម្រោងស្តីពី “ការទប់ស្កាត់ការបំពុល​ដោយ​ប្លាស្ទិក​សម្រាប់សហគមន៍ និងទន្លេមេគង្គនៅកម្ពុជា” មានការគាំទ្រថវិកាពីមូល​និធិពិ​សេសកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដែលនឹងចូលរួមចំណែកដល់ការ រៀប​ចំ និងជំរុញសកម្មភាពនៅមូលដ្ឋានសម្រាប់កាត់បន្ថយការបំពុល តាមរយៈ​យុទ្ធ​សាស្រ្ត​​ចក្រា​វិស័យ បរិស្ថាន គោលការណ៍បីអ័រ (3Rs) ប្រកបដោយភាពច្នៃប្រឌិត ការអនុវត្តសាកល្បងចក្រាប្លាស្ទិក ការបង្កើន ការយល់ដឹងរបស់រដ្ឋបាលក្រោមជាតិ និងសហគមន៍មូលដ្ឋាននៅតាមបណ្តាខេត្តតាមទន្លេមេគង្គកម្ពុជា រួមមាន៖ ខេត្ត​កណ្តាល ព្រៃវែង ត្បូងឃ្មុំ កំពង់ចាម ក្រចេះ ស្ទឹងត្រែង និងរាជធានីភ្នំពេញ ព្រមទាំង​ជំរុញ ការកែច្នៃឡើងវិញ និងជម្រើសជំនួសប្លាស្ទិក ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner