សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អរគុណប្រធានាធិបតី ដែលសម្រេចបញ្ចុះពន្ធលើទំនិញនាំចេញពីកម្ពុជា មកត្រឹម ១៩ភាគរយ

ភ្នំពេញ៖ សហរដ្ឋអាមេរិកបានសម្រេចបញ្ចុះពន្ធលើទំនិញនាំចេញពីកម្ពុជាទៅកាន់អាមេរិកមកត្រឹម ១៩ភាគរយ (ពីអត្រាដំបូង ៤៩% និងបានចុះត្រឹម ៣៦% ជំហានទី១)។ នេះជាដំណឹងដ៏ល្អសម្រាប់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ច​របស់កម្ពុជាដើម្បីបន្តអភិវឌ្ឍន៍ប្រទេសជាតិតទៅមុខ។

លើបណ្ដាញសង្គមផ្លូវការនៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥​ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតបានបង្ហោះសារដែលមានខ្លឹមសារថា “សូមអរគុណឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ(Donald Trump) ដែលឯកឧត្តមបាន​យក​ចិត្តទុកដាក់ដោយផ្ទាល់ នៅក្នុងការផ្ដួចផ្ដើមនិងជំរុញឱ្យមានការឈប់បាញ់គ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃ និងបន្តតាមដានការអនុវត្តបទឈប់បាញ់ដោយផ្ទាល់ រហូតដល់មានសន្តិភាពជាអចិន្ត្រៃយ៍និង​ប្រក្រតីភាព​នៃទំនាក់​ទំនងរវាងកម្ពុជា-ថៃនៅពេលខាងមុខ។ បន្ថែមលើនេះ ឯកឧត្តមប្រធានាធិបតីក៏បានផ្ដល់នូវការយោគ​យល់​សម្រាប់​កម្ពុជា ដោយបានផ្ដល់នូវឱកាសក្នុងការបន្តពង្រឹងការអភិវឌ្ឍសេដ្ឋកិច្ច និងទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា​និងសហរដ្ឋអាមេរិកបន្តទៅទៀត។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា “នៅក្នុងអំឡុងពេលដែលខ្ញុំបានសន្ទនាតាមទូរសព្ទជាមួយឯក​ឧត្តម​ប្រធានា​ធិបតី Donald Trump កាលពីថ្ងៃទី ២៦ និង ទី២៨ ខែកក្កដាកន្លងទៅនេះ ខ្ញុំបានបញ្ជាក់អំពីសារសំខាន់នៃ​សន្តិភាព​និងការអភិវឌ្ឍនៃប្រទេសកម្ពុជាដោយសារកម្ពុជាទើបងើបពីសង្គ្រាមរ៉ាំរ៉ៃនៅក្នុងប្រទេសជាង ៥០០ឆ្នាំមក​ហើយ។ នៅក្នុងឱកាសនោះ ខ្ញុំក៏បានស្នើសុំឱ្យឯកឧត្តមប្រធានាធិបតីផ្ដល់ការយោគយល់ផងដែរ សម្រាប់បន្ធូរអត្រា​ពន្ធ​លើទំនិញនាំចូលពីកម្ពុជាឱ្យ​នៅត្រឹមអត្រាទាបណាមួយដែលជួយឱ្យ​កម្ពុជាមានឱកាសបន្តអភិវឌ្ឍន៍ប្រទេសជាតិ​និងលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។

សម្ដេចធិបតីបន្តថា​ឯកឧត្តម Donald Trump បានបង្ហាញនូវការការចាប់អារម្មណ៍យ៉ាងខ្លាំងពាក់ព័ន្ធ​ជាមួយ​ប្រវត្តិសាស្ត្រដ៏​ជូរចត់​របស់កម្ពុជា ក៏ដូចជាសមានចិត្តនៅក្នុងការជួយដល់ប្រជាជនកម្ពុជាឱ្យមានសន្តិភាព ក៏ដូចជា​ជួយឱ្យ​កម្ពុជាមាន​ឱកាសបន្តអភិវឌ្ឍន៍ប្រទេសបន្តទៀត។ ចំពោះការស្នើសុំរបស់ខ្ញុំពាក់ព័ន្ធនឹងការយោគ​យល់អំពី​អត្រាពពន្ធ ឯកឧត្តមប្រធានាធិបតីបានប្រាប់ខ្ញុំកាលពីថ្ងៃទី ២៨ កក្កដា ថា នឹងពិនិត្យសម្រេច ដោយឯកឧត្តម​បានប្រាប់ខ្ញុំថានឹងធ្វើឱ្យកម្ពុជារីករាយសប្បាយចិត្ត (will make you happy)។ ថ្ងៃនេះគឺឯកឧត្តមបានសម្រេច​បញ្ចុះអត្រាពន្ធលើទំនិញនាំចេញពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិកមកនៅត្រឹម ១៩ភាគរយ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត​សុំយកឱកាសនេះធ្វើការកោតសរសើរចំពោះក្រុមការងារចរចាពន្ធបដិការជាមួយ​សហរដ្ឋ​អាមេរិក ដែលដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុនចាន់ថុល និងបណ្ដាអ្នកពាក់ព័ន្ធទាំងអស់ដែលបានខិតខំ​ប្រឹង​ប្រែងក្នុងការចរចាពន្ធបដិការជាមួយសហរដ្ឋអាមេរិក ដោយទទួលបាននូវលទ្ធផលល្អប្រសើរនៅពេលនេះ ៕
ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner