កម្ពុជាបានស្នើឱ្យសហរដ្ឋអាមេរិក ម៉ាឡេស៊ី និងប្រទេសចិន ចូលរួមអង្កេតការណ៍ក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជាថៃ

ភ្នំពេញ ៖ ប្រទេសកម្ពុជា និងថៃ បានកំណត់យកថ្ងៃទី០៤ ខែសីហា ឆ្នាំ ២០២៥ ជាថ្ងៃប្រជុំនៃគណៈកម្មាធិការព្រំដែនទូទៅ ដែលនឹងប្រព្រឹត្តធ្វើឡើងនៅទីក្រុង​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី ។ ក្នុងកិច្ចប្រជុំនោះដែរ​ កម្ពុជាបានស្នើឱ្យសហរដ្ឋអាមេរិក ប្រទេសម៉ាឡេស៊ី និងប្រទេសចិន ចូលរួមធ្វើជាអ្នក​អង្កេតការណ៍​ផងដែរ ។

នៅក្នុងសន្និសីទសារព័ត៌មានកាលពីព្រឹកម៉ោង៧ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ លោកជំទាវ ម៉ាលី សុជាតាបានមានប្រសាសន៍ថា កម្ពុជាបានឯកភាពតាមសំណើរបស់ភាគីក្នុងការរៀបចំកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ហើយកម្ពុជាក៏បានថ្លែងអំណរគុណដល់ប្រទេសម៉ាឡេស៊ី ដែលបានសម្របសម្រួលនិងផ្ដល់ទីតាំងសម្រាប់កិច្ចប្រជុំនេះ ។

លោកជំទាវបន្តថា ជាមួយគ្នានេះ កម្ពុជាក៏បានស្នើឱ្យប្រទេសម៉ាឡេស៊ី សហរដ្ឋអាមេរិក និងប្រទេសចិន ចូលរួមកិច្ចប្រជុំ ក្នុងនាមជាអ្នកអង្កេតការណ៍ដោយសារប្រទេសទាំង៣នេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួល ឱ្យមានបទឈប់បាញ់រវាងកម្ពុជានិងថៃ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០២៥ ។ កម្ពុជា សង្ឃឹមយ៉ាងមុតមាំថា កិច្ចប្រជុំនេះ នឹងប្រព្រឹត្តទៅយ៉ាងស្ថាបនា និងប្រកបដោយផ្លែផ្កា ។

គួរបញ្ជាក់ថា ក្នុងប្រជុំគណៈកម្មាធិការព្រំដែនទូទៅ ដំបូងឡើយ គ្រោងនឹងធ្វើឡើងនៅក្នុងប្រទេសកម្ពុជា នាថ្ងៃទី០៤ សីហា ២០២៥ ប៉ុន្តែក្រោយមកភាគីថៃ ក៏បានស្នើសុំប្តូរទីតាំងទៅប្រទេសម៉ាឡេស៊ីវិញ ហើយកម្ពុជាក៏យល់ព្រមតាមសំណើរបស់ភាគីដោយយកប្រទេសម៉ាឡេស៊ីជាទីតាំងសម្រាប់កិច្ចប្រជុំ នៅថ្ងៃទី ០៤ ខែសីហា ឆ្នាំ ២០២៥ ៕

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner