កម្ពុជាសម្រេចទម្លាក់ពន្ធ 0% លើទំនិញនាំចូលពីអាមេរិក
ភ្នំពេញ ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានមានប្រសាសន៍ថា កម្ពុជាបានសម្រេចទម្លាក់ពន្ធគយលើទំនិញនាំចូលពីអាមេរិកក្នុងអត្រា 0% ហើយអត្រាពន្ធគយនេះ នឹងអនុវត្តចាប់ពីថ្ងៃទី១ ខែសីហានេះតទៅ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងបែបនេះនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃអត្រាពន្ធគយបដិការរវាងកម្ពុជា និង សហរដ្ឋអាមេរិក នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបន្តថា សហរដ្ឋអាមេរិកនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ បានសម្រេចបញ្ចុះពន្ធលើទំនិញនាំចេញពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិកមកត្រឹម ១៩% គឺថយចុះ ៦១% បើធៀបជាមួយអត្រាពន្ធពីដំបូង ៤៩% ដែលនេះជាដំណឹងដ៏ល្អសម្រាប់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចរបស់កម្ពុជា ដើម្បីបន្តអភិវឌ្ឍន៍ប្រទេសជាតិតទៅមុខ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបន្ថែមថា អត្រាពន្ធនេះ អាចប្រកួតប្រជែងជាមួយប្រទេសជិតខាងបាន និងអាចមានប្រៀបឈ្នះដោយសារតម្លៃពលកម្មនៅកម្ពុជាមានតម្លៃទាប និងជាទីតាំងនៅចំកណ្ដាល មហាអនុតំបន់មេគង្គ ដែលមានកម្ពុជា វៀតណាម ថៃ ឡាវ ភូមា និងផ្នែកខាងត្បូងរបស់ប្រទេសចិន គឺមានប្រជាពលរដ្ឋ ២៥០លាននាក់។ ម្យ៉ាងទៀត ច្បាប់វិនិយោគកម្ពុជា គឺជាច្បាប់វិនិយោគដ៏ច្រើនជូនដល់អ្នកវិនិយោគ ច្បាប់វិនិយោគកម្ពុជាគ្មានការរើសអើង រវាងអ្នកវិនិយោគបរទេស ឬអ្នកវិនិយោគកម្ពុជា ដូច្នេះច្បាប់វិនិយោគហេដ្ឋារចនាសម្ព័ន្ធរបស់យើង ដែលរាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែង កសាងផ្លូវ ស្ពាន កំពង់ផែ ព្រលានយន្តហោះ ដែលធ្វើឱ្យតម្លៃនៃការផលិតនៅកម្ពុជាមានតម្លៃប្រកួតប្រជែងបាន។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងថា អត្រាពន្ធ ១៩% នេះ បើធៀបនឹងប្រទេសជិតខាង យើងមានប្រទេសឥណ្ឌូនេស៊ី ១៩% ប្រទេសម៉ាឡេស៊ី ១៩% ប្រទេសហ្វីលីពីន ១៩% ប្រទេសវៀតណាម ២០% ប្រទេសស្រីលង្កា ២០% បង់ក្លាដែស ២០% ដូច្នេះអត្រានេះ យើងអាចប្រកួតប្រជែងជាមួយប្រទេសជិតខាងបានទាំងអស់។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ទៀតថា អត្រាពន្ធនេះ នឹងអាចថែរក្សារោងចក្រនៅកម្ពុជា និងពង្រីករោងចក្រដែលមានស្រាប់ និងទាក់ទាញអ្នកវិនិយោគបន្ថែមទៀត ដើម្បីផលប្រយោជន៍ជាតិ និងបង្កើតការងារជូនប្រជាពលរដ្ឋ។ ក្រុមការងារចរចាពន្ធបដិការជាមួយសហរដ្ឋអាមេរិក ដែលដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានខិតខំប្រឹងប្រែងក្នុងការចរចាពន្ធបដិការជាមួយសហរដ្ឋអាមេរិក ជាច្រើនដំណាក់កាលទើបទទួលបាននូវលទ្ធផលល្អប្រសើរនៅពេលនេះ៕






អត្ថបទ ៖ ឈឹម ទីណា