អាមេរិកចាយ ២០០លានដុល្លារផ្គាប់ចិត្តលោក Trump សង់សាលទទួលភ្ញៀវផ្លូវការនៅសេតវិមាន

វ៉ាស៊ីនតោន ៖ អាមេរិកមានផែនការជះលុយ ២០០លានដុល្លារផ្គាប់ចិត្តលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ តាមរយៈការសាងសង់សាលទទួលភ្ញៀវជាផ្លូវការ ដែលនេះជាគម្រោងដ៏ធំបំផុតមួយនៅសេតវិមានក្នុងរយៈពេលជាងមួយសតវត្ស។

អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានប្រាប់សន្និសីទសារព័ត៌មាននៅថ្ងៃទី៣១ ខែកក្កដា ថា លោកប្រធានាធិបតី ត្រាំ ផ្ទាល់ និងម្ចាស់ជំនួយដែលមិនបានបញ្ចេញឈ្មោះ នឹងស្នើច្បាប់សម្រាប់គម្រោងសាងសង់សាលទទួលភ្ញៀវផ្លូវការ ដែលមានតម្លៃ ២០០លានដុល្លារ។

លោកស្រីថា អស់រយៈពេល ១៥០ឆ្នាំមកហើយ ដែលលោកប្រធានាធិបតី មន្រ្តីរដ្ឋបាល និងបុគ្គលិកសេតវិមាន ចង់បានកន្លែងរៀបចំព្រឹត្តិការណ៍ដ៏ធំមួយនៅក្នុងអគារសេតវិមាន។

លោកស្រី Leavitt មានវ័យ២៨ឆ្នាំរូបនេះ បានគូសបញ្ជាក់ថា រចនាសម្ព័ន្ធថ្មីនេះ ត្រូវបានរំពឹងថា នឹងមានទំហំជាង ៨.០០០ម៉ែត្រការ៉េ ហើយមានកន្លែងអង្គុយដែលអាចដាក់មនុស្សរហូតដល់ ៦៥០នាក់។

អ្នកនាំពាក្យរូបនេះបន្ថែមថា ការសាងសង់សាលទទួលភ្ញៀវជាផ្លូវការ ដែលជាផែនការរបស់លោកប្រធានាធិបតី ត្រាំ ជាយូរមកហើយនេះ នឹងចាប់ផ្តើមដំណើរការនៅក្នុងខែកញ្ញាខាងមុខ ហើយត្រូវបានរំពឹងថា នឹងបញ្ចប់ការសាងសង់នៅចុងបញ្ចប់នៃអាណត្តិទីពីររបស់លោក ត្រាំ គឺនៅក្នុងខែមករា ឆ្នាំ២០២៩។

បន្ទាប់ពីរួចរាល់ វានឹងក្លាយជាសាលរៀបចំពិធីជប់លៀងថ្នាក់រដ្ឋដ៏ធំ ដើម្បីផ្តល់ជាកិត្តិយសដល់ប្រមុខរដ្ឋបរទេស ដែលកំពុងបំពេញទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោន ខណៈការរៀបចំព្រឹត្តិការណ៍ធំៗកន្លងមក ធ្វើឡើងនៅក្នុងសង់តង់ដ៏ធំប៉ុណ្ណោះនៅបរិវេណសេតវិមាន៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner