ឆ្នាំ២០២៤ កម្ពុជា បានសម្រេចគោលដៅសកលចំនួនពីរ ក្នុងការឆ្លើយតបការរីករាលដាល នៃមេរោគអេដស៍ និងជំងឺអេដស៍ និងបានកាត់បន្ថយអត្រាឆ្លង មេរោគអេដស៍ថ្មីជាបន្តបន្ទាប់
(ភ្នំពេញ)៖ នៅឆ្នាំ២០២៤ កម្ពុជា បានសម្រេចគោលដៅសកលចំនួនពីរ ក្នុងការឆ្លើយតបជាពហុវិស័យ ចំពោះការរីករាលដាល នៃមេរោគអេដស៍ និងជំងឺអេដស៍ ប្រកបដោយចីរភាពនៅកម្ពុជា និងបានកាត់បន្ថយអត្រាឆ្លង មេរោគអេដស៍ថ្មីជាបន្តបន្ទាប់ ។ នេះជាការគូសបញ្ជាក់របស់ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្នុងកិច្ចប្រជុំពិគ្រោះយោបល់លើរបាយការណ៍វឌ្ឍនភាព នៃការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ឆ្នាំ២០២៤ នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ នៅនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដើម្បីតាមដានការអនុវត្តគោលនយោបាយជាតិ បញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ ដោយធ្វើការពិភាក្សាពិគ្រោះយោបល់រួម លើសេចក្តីព្រាងរបាយការណ៍កែលម្អ ឬកែសម្រួលចំណុចខ្វះខាត មុននឹងដាក់ជូនជាផ្លូវការទៅរាជរដ្ឋាភិបាល ។
ឯកឧត្តម ទេសរដ្ឋមន្រ្តី បានមានប្រសាសន៍ថា ចាប់ពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ បន្ទាប់ពីគណៈរដ្ឋមន្រ្តី ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ គោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ រហូតមកដល់ពេលនេះ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានដឹកនាំសម្របសម្រួលការអនុវត្ត ដោយមានការចូលរួម ពីគ្រប់ផ្នែកពាក់ព័ន្ធ ទាំងនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ អង្គការដៃគូជាតិ អន្តរជាតិ អង្គការសង្គមស៊ីវិល និងតំណាងអ្នកផ្ទុកមេរោគអេដស៍ តំណាងប្រជាជនគន្លឹះ ក្នុងការឆ្លើយតបជាពហុវិស័យចំពោះការរីករាលដាលនៃមេរោគអេដស៍ និងជំងឺអេដស៍ប្រកបដោយចីរភាពនៅកម្ពុជា ។ ជាក់ស្ដែងនៅឆ្នាំ២០២៤ កម្ពុជា បានសម្រេចគោលដៅសកលចំនួន២ ជាមួយនឹងលទ្ធផល ៩២-១០០-៩៨ ក្នុងចំណោមគោលដៅសកលទាំងបី ៩៥-៩៥-៩៥ និងបានកាត់បន្ថយអត្រាឆ្លងមេរោគអេដស៍ថ្មីជាបន្តបន្ទាប់ ។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ក្នុងរបាយការណ៍ជូនគណៈរដ្ឋមន្ត្រី ត្រូវបានរៀបចំ តាមវិធីសាស្រ្ត ដែលមានកំណត់សូចនាករទាក់ទងនឹងការបង្កើតគណៈកម្មាធិការ ប្រយុទ្ធនឹងជំងឺអេដស៍ គ្រប់ក្រសួង ស្ថាប័ន រាជធានី ខេត្ត ស្រុក ខណ្ឌ ឃុំ សង្កាត់, គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ រៀបចំផែនការសកម្មភាពបញ្រ្ជាបការយល់ដឹងអំពីអេដស៍ និងការមិនរើសអើងអ្នកផ្ទុកមេរោគអេដស៍ ព្រមទាំងលើកសំណើសុំថវិកាជូនក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ, ការបញ្ចូលតំណាងអ្នកផ្ទុកមេរោគអេដស៍ ប្រជាជនគន្លឹះ និងតំណាងអង្គការក្រៅរដ្ឋាភិបាល ឬសង្គមស៊ីវិល ចូលរួមក្នុងគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍គ្រប់លំដាប់ថ្នាក់, ការកំណត់ឱ្យប្រជាជនគន្លឹះ ទទួលសេវាប្រឹព (PrEP), ការផ្តល់បណ្ណមូលនិធិសមធម៌សុខាភិបាល ឱ្យអ្នកផ្ទុកមេរោគអេដស៍ និងប្រជាជនគន្លឹះ, ការប្រើប្រាស់ថវិកាជាតិឱ្យមានប្រសិទ្ធភាព, ធ្វើសមាហរណកម្មសេវាបង្ការការពារ និងព្យាបាលថែទាំ នៃវិស័យឯកជន ក្នុងប្រព័ន្ធសុខាភិបាលជាតិ ។
ឯកឧត្តមទេសរដ្ឋមន្រ្តី ជឿជាក់ថា របាយការណ៍វឌ្ឍនភាព នៃការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ឆ្នាំ២០២៤ ដែលមានលក្ខណៈពេញលេញ និងគ្រប់ជ្រុងជ្រោយ នឹងត្រូវរៀបចំឡើង ដើម្បីដាក់ជូនគណៈរដ្ឋមន្ត្រី ក្នុងខែសីហា ឆ្នាំ២០២៥នេះ ៕






ដោយ វណ្ណលុក