ប្រធានសភាតំណាងរាស្រ្តអាម៉េរិកនិយាយថា ការសម្រេចចិត្តរបស់លោក ដូណាល់ ត្រាំ ក្នុងការដកសហរដ្ឋអាម៉េរិកចេញពីអង្គការ WHO គឺជាទង្វើល្ងង់ខ្លៅ

សហរដ្ឋអាម៉េរិក៖ ប្រធានសភាតំណាងរាស្រ្តអាម៉េរិកលោកស្រី ណាន់ស៊ី ផេឡូស៊ី បានបង្ហោះសារនៅលើ Twitter ថា ការផ្ញើលិខិតដកខ្លួនជាផ្លូវការរបស់សហរដ្ឋអាម៉េរិកចេញពីសមាជិកភាពនៃអង្គការសុខភាពពិភពលោក WHO ពីសំណាក់ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ គឺជាទង្វើនៃភាពល្ងង់ខ្លៅ នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ ។

លោកស្រី ណាន់ស៊ី ផេឡូស៊ី បានសង្កត់ធ្ងន់ទៀតថា ការសម្រេចចិត្តបែបនេះរបស់លោក ត្រាំ នៅពេលនេះ ចំពេលដែលអង្គការ WHO កំពុងធ្វើកិច្ចសហការជាមួយសកលលោក ដើម្បីប្រយុទ្ធប្រឆាំងនឹងជម្ងឺ COVID-19 ខណៈជីវិតមនុស្សរាប់លាននាក់កំពុងប្រឈមនឹងហានិភ័យ លោកស្រីថា លោកប្រធានាធិបតីកំពុងធ្វើឱ្យអន្តរាយដល់កិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ដើម្បីកម្ចាត់វីរុស ។

សូមបញ្ជាក់ថា រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារសប្តាហ៍នេះ បានបញ្ចូនលិខិតបញ្ជាក់ជាផ្លូវការទៅកាន់អង្គការសុខភាពពិភពលោក WHO ដើម្បីបញ្ជាក់អំពីការដកខ្លួនចេញពីសមាជិកភាព ។ បើតាមអង្គការ WHO នោះ សហរដ្ឋអាម៉េរិកនឹងចាកចេញពីអង្គការនេះជាផ្លូវការនៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ ខណៈបច្ចុប្បន្នសហរដ្ឋអាម៉េរិកនៅជំពាក់អង្គការសុខភាពពិភពលោក ប្រមាណជាង២០០លានដុល្លារ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner