អ្នកនាំពាក្យ៖ ក្រសួងបរិស្ថានសម្រេចមិនរៀបចំពិព័រណ៍«ពន្លកបៃតង» ប៉ុន្តែយុទ្ធនាការចែកកូនឈើ់ នឹងធ្វើឡើងនៅតាមមន្ទីរបរិស្ថាន និងថ្នាលបណ្តុះកូនឈើនៅទូទាំងប្រទេស
(ភ្នំពេញ)៖ ក្រសួងបរិស្ថានបន្តធ្វើការចែកកូនឈើ ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ នៅឆ្នាំ២០២៥ ដើម្បីយកទៅដាំនៅតាមលំនៅឋាន ទីសាធារណៈនានា និងដាំតាមសហគមន៍ ឱ្យបានទាន់ពេលវេលា ក្នុងរដូវវស្សានេះទៅតាមការគ្រោងទុក។ នារសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា ក្រសួងបរិស្ថាន បានសម្រេចមិនរៀបចំពិព័រណ៍ «ពន្លកបៃតង» ឆ្នាំ២០២៥ និងពិធីបើកព្រឹត្តការណ៍ដាំកូនឆ្នោត ចំនួន១លានដើមនៅទូទាំងប្រទេស នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ ប៉ុន្តែក្រសួងបរិស្ថាន នៅតែរៀបចំការចែកកូនឈើ ចំនួនជាង ៣លានដើម ក្នុងនោះកូនត្នោតចំនួន១លានដើម ជូនសាធារណជន យកទៅដាំដូចការគ្រោងទុកនៅឆ្នាំ២០២៥។
សាធារណជន អាចមកទទួលយកកូនឈើ ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី៥ សីហា ឆ្នាំ២០២៥ នៅតាមទីតាំងនានា ដែលមន្ទីរបរិស្ថានរាជធានី-ខេត្តទាំងអស់ នឹងរៀបចំជូន តាមរយៈសេចក្តីជូនដំណឹងរបស់ខ្លួន។ ពិធីចែកកូនឈើ ក៏មានធ្វើឡើងផងដែរ នៅតាមថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ នៅតាមខេត្តចំនួន៥ នៅខេត្តត្បូងឃ្មុំ សៀមរាប កំពង់ស្ពឺ មណ្ឌលគីរី និងកោះកុងផងដែរ។
អាស្រ័យហេតុនេះ សូមសាធារណជន មេត្តាជ្រាប និងអញ្ជើញមកទទួលយកកូនឈើទៅដាំ ឱ្យបានច្រើន ឱ្យបានទាន់ពេលវេលា ក្នុងរដូវវស្សានេះ ដែលវាមិនត្រឹមតែបង្កើភាពបៃតង និងបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ប៉ុណ្ណោះទេ ប៉ុន្តែដើមឈើ ដែលបានដាំនៅពេលនេះ នឹងក្លាយជាព្រៃឈើ និងកេរ្តិ៍ដំណែលធម្មជាតិ សម្រាប់កូនចៅជំនាន់ក្រោយ ហើយក៏ជាផ្នែកមួយការធានាស្បៀងអាហារប្រចាំថ្ងៃ និងការអភិវឌ្ឍគោលដៅលំហែបៃតង ដែលទាក់ទាញទេសចរ និងរួមចំណែកបង្កើនចំណូលមូលដ្ឋាននាពេលអនាគតយ៉ាងសំខាន់។
សូមបញ្ជាក់ថា នៅឆ្នាំ២០២៥ ក្រសួងបរិស្ថាន មានកូនឈើចំនួន៣ ៤៥៤ ៤៧២ដើម ក្នុងនោះមានឈើហូបផ្លែចំនួនជាង ១៤៦ ៣៣២ដើម ឈើព្រៃចំនួន ១ ៩៣៣ ៧៣៦ដើម និងកូនត្នោតចំនួន១ ៣៧៤ ៤៣៤ដើម។ កូនឈើទាំងអស់នេះ ទទួលបានពីថ្នាលបណ្តុះកូនឈើរបស់មន្ទីរបរិស្ថានទាំងអស់ ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ចំនួន៥ នៅខេត្តត្បូងឃ្មុំ សៀមរាប កំពង់ស្ពឺ មណ្ឌលគីរី និងកោះកុង អំណោយកូនត្នោត របស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ការចូលរួមពីអង្គការដៃគូ រដ្ឋបាលខេត្តមួយចំនួន និងសហគមន៍តំបន់ការពារធម្មជាតិ៕
ដោយ ៖ ង៉ាន់ ទិត្យ





