ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញឱ្យគិតគូរពីការរៀបចំទីក្រុង-ទីប្រជុំជន តាមរយៈការដោះស្រាយបញ្ហាសំណង់អគារសហកម្មសិទ្ធិ ដែលមានសភាពចាស់ទ្រុឌទ្រោម ដើម្បីរក្សាគុណតម្លៃមរតកនៃអគារទាំងនោះ
(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជំរុញឱ្យមានការយកចិត្តទុកដាក់គិតគូរអំពីការរៀបចំទីក្រុង-ទីប្រជុំជន តាមរយៈការដោះស្រាយបញ្ហាអគារសហកម្មសិទ្ធិ ដែលមានសភាពចាស់ទ្រុឌទ្រោម ដើម្បីរក្សាគុណតម្លៃមរតកនៃអគារទាំងនោះ និងចាប់ទាញប្រជាពលរដ្ឋដែលស្នាក់នៅក្នុងអគារទាំងនោះ ឱ្យចាកចេញពីភាពទាល់ច្រក អំពើហឹង្សា គ្រឿងញៀន ការបៀតបៀន និងបញ្ជៀសកុំឱ្យមានគម្លាតបែងចែកក្នុងការរស់នៅក្នុងសង្គមជាតិ ។
ថ្លែងក្នុងសិក្ខាសាលាស្ដីពីសំណង់អគារស្នាក់នៅរួម ដែលមានសភាពចាស់ទ្រុឌទ្រោម នារសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានចាត់ទុកសិក្ខាសាលានេះថា មានសារៈសំខាន់ដែលអាចត្រួសត្រាយផ្លូវសម្រាប់យើងដើរទៅមុខឱ្យបានត្រឹមត្រូវ ហើយប្រធានបទស្ដីពី សំណង់អគារស្នាក់នៅរួមដែលមានសភាពចាស់ទ្រុឌទ្រោម គឺជាចំណុចមួយដ៏សំខាន់សម្រាប់កម្ពុជា និងសម្រាប់វិស័យជំនាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ។
តាមរយៈសិក្ខាសាលានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជំរុញណែនាំដល់សិក្ខាកាមទាំងអស់ ត្រូវពង្រីកនូវការគិតគូរឱ្យបានវែងឆ្ងាយ និងទូលំទូលាយបន្ថែមទៀត ទៅលើការថែរក្សាគុណតម្លៃមរតកនៃអគារ ដែលមានអាយុកាលចំណាស់ និងមានសភាពចាស់ទ្រុឌទ្រោម ដោយត្រូវសិក្សាពីរចនាបថ ស្ថាបត្យកម្ម និងវិស្វកម្មនៃអគារទាំងនោះ ដើម្បីយើងឈានឆ្ពោះទៅមុខប្រកបដោយនវានុវត្តន៍ និងភាពបត់បែនប្រកបដោយភាពរស់រវើកផងដែរ ។ មិនតែប៉ុណ្ណោះសិក្ខាសាលានេះគឺជាចំណុចចាប់ផ្ដើមមួយ ដើម្បីឱ្យសិក្ខាកាមទាំងអស់បានយល់ដឹងអំពីបញ្ហានៅក្នុងរាជធានីភ្នំពេញហើយសង្ឃឹមថាជំហានដែលយើងត្រូវដើរទៅមុខទៀតគឺមានលក្ខណៈច្បាស់លាស់ក្នុងការកំណត់គោលដៅថាតើយើងត្រូវធ្វើអ្វីខ្លះសម្រាប់រាជធានីភ្នំពេញ និងបណ្ដាទីប្រជុំជននានា ចាប់ពីពេលនេះរហូតដល់ឆ្នាំ២០៥០។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ មានបន្ថែមថា អគារសហកម្មសិទ្ធិដែលមានសភាពទ្រុឌទ្រោមនេះ គឺជាបញ្ហាមួយសម្រាប់រាជធានីភ្នំពេញដែលត្រូវរួមគ្នាគិតគូរ ដោយឯកឧត្តមបានចាត់ឱ្យមន្ត្រីជំនាញស្រង់យកបញ្ហាអគារទាំងនេះ ដែលមាននៅក្នុងរាជធានីភ្នំពេញ សំរាប់ធ្វើជាប្រធានបទមួយដើម្បីដោះស្រាយ ។
ឯកឧត្តមឧបនាយករដ្ឋ បញ្ជាក់បន្ថែមថា នៅក្នុងការដោះស្រាយបញ្ហាអគារសហកម្មសិទ្ធិដែលមានភាពទ្រុឌទ្រោមនេះ គឺត្រូវធ្វើការសម្រេចចិត្តតាមរយៈនយោបាយ សេដ្ឋកិច្ច និងសុវត្ថិភាពសង្គម មានន័យថាត្រូវជ្រើសយកជម្រើសនយោបាយ សម្របសម្រួលជាមួយអ្នកស្នាក់នៅក្នុងអគារនេះ ដើម្បីធ្វើយ៉ាងណាឱ្យមានសុវត្ថិភាពដល់សង្គម និងបុគ្គល ដោយក្នុងនោះត្រូវផ្ដល់សំណងឱ្យពួកគាត់ចាកចេញពីអគារទាំងនេះ ទៅរកទីតាំងថ្មីដែលល្អប្រសើរជាងនេះ ។
សូមបញ្ជាក់ផងដែរថា នៅក្នុងរាជធានីភ្នំពេញមានអគារសហកម្មសិទ្ធិ ដែលមានសភាពចាស់ទ្រុឌទ្រោម ចំនួន១៩អគារ ដែលត្រូវដោះស្រាយ ម្យ៉ាងទៀតការដោះស្រាយសម្របសម្រួលឱ្យអ្នកស្នាក់នៅក្នុងអគារទាំងនេះចាកចេញនោះ គឺជាការចាប់ទាញប្រជាពលរដ្ឋឱ្យចាកចេញពីភាពទាល់ច្រក អំពើហឹង្សា គ្រឿងញៀន ការបៀតបៀន និងបញ្ជៀសកុំឱ្យមានគម្លាតបែងចែកក្នុងការរស់នៅរវាងអ្នកដែលមានជីវភាពធូរធារ និងអ្នកដែលមានជីវភាពខ្វះខាតជាដើម ៕
ដោយ / គ្រី សម្បត្តិ















