ឯកអគ្គរាជទូតចក្រភពអង់គ្លេស ដែលចុះពិនិត្យដោយផ្ទាល់នៅព្រំដែនកម្ពុជា-ថៃ ប្រកាសស្វាគមន៍បទឈប់បាញ់ និងលើកទឹកចិត្តប្រទេសទាំងពីររក្សាការប្តេជ្ញាចិត្តក្នុងកិច្ចសន្ទនាដោយសន្តិវិធី

(ឧត្តរមានជ័យ)៖ ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា លោក Dominic ដែលបាន និងកំពុងចូលរួមជាមួយគណៈប្រតិភូអ្នកការទូតបរទេសផ្សេងទៀត ចុះពិនិត្យដោយផ្ទាល់ស្ថានភាពនៅព្រំដែនកម្ពុជា-ថៃ, នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥នេះ បានថ្លែងនូវការស្វាគមន៍បទឈប់បាញ់ និងលើកទឹកចិត្តប្រទេសទាំងពីរ រក្សាការប្តេជ្ញាចិត្តក្នុងកិច្ចសន្ទនាដោយសន្តិវិធី។

សំណេរដែលផ្សព្វផ្សាយលើបណ្តាញទំនាក់ទំនងសង្គមផ្លូវការ របស់ស្ថានទូតអង់គ្លេសប្រចាំកម្ពុជា មានខ្លឹមសារទាំងស្រុងដូច្នេះថា៖

ក្នុងសប្តាហ៍នេះ លោកឯកអគ្គរាជ Dominic បានចូលរួមជាមួយគណៈប្រតិភូអ្នកការទូតបរទេស ដែលដឹកនាំដោយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ទៅទស្សនាតំបន់ព្រំដែនក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ និងស្រុកសូត្រនិគម ខេត្តសៀមរាប។ គណៈប្រតិភូ​បាន​ជួប​ជាមួយ​សហគមន៍​ដែល​រង​ផល​ប៉ះពាល់​ដោយ​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​កម្ពុជា​និង​ថៃ​នាពេល​ថ្មីៗ​នេះ។

ចក្រភពអង់គ្លេសស្វាគមន៍បទឈប់បាញ់ និងលើកទឹកចិត្តប្រទេសទាំងពីរឱ្យរក្សាការប្តេជ្ញាចិត្តរបស់ពួកគេ និងបន្តចូលរួមក្នុងកិច្ចសន្ទនាដោយសន្តិវិធីនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) នាពេលខាងមុខ។ យើងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងដើម្បីធានាសន្តិភាព និងស្ថិរភាពយូរអង្វែងនៅក្នុងតំបន់៕

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner