Aston Villa ចង់ទិញផ្តាច់ Abraham ពី Chelsea
ក្លឹប Aston Villa ចង់ទិញផ្តាច់កីឡាករ Abraham ពីក្លឹប Chelsea បន្ទាប់ពីខ្ចីជើងមួយរដូវកាល ក្លាយជាអ្នករកគ្រាប់បាល់បានច្រើនជាងគេ ប្រចាំក្លឹប ។ ក្លឹប Aston Villa កំពុងប្រកួតវគ្គខ្វែងជាមួយ West Bromwich Albion ដើម្បីដណ្តើមកៅអីចុងក្រោយ ឡើងមកក្របខណ្ឌ Premier League សារជាថ្មីរដូវកាលក្រោយនេះ ។
ក្នុងជើងទី១ Aston Villa ២:១ ក្រុម West Bromwich ហើយត្រូវរងចាំប្រកួតជើងទី២ទៀត នឹងដើម្បីឡើងទៅវគ្គបន្តអាចជួបនឹង Leeds United ឬក៏ Derby County ។
គួរបញ្ជាក់ថា ក្លឹប Aston Villa កំពុងរៀបចំឯកសារចង់ទិញផ្តាច់ កីឡាករ Tammy Abraham ដែលបានខ្ចីជើងពីតោខៀវ Chelsea ក្នុងរដូវកាលនេះ ។ កីឡាករវ័យ២១ឆ្នាំរូបនេះ បានចូលរួមជាមួយ Aston Villa តែមួយរដូវកាល ហើយទទួលបានឳកាសបង្ហាញខ្លួនជម្រើសដំបូង និងរកបាន២៦គ្រាប់ ក្នុងការបង្ហាញខ្លួន៣៨លើក ហើយក្លាយជាកីឡាកររកគ្រាប់បាល់ច្រើនជាងគេប្រចាំក្លឹប ក្នុងរដូវកាលនេះទៀតផង ។
សូមបញ្ជាក់ថា របាយការណ៍ចុងក្រោយក្លឹប Aston Villa គម្រោងចំណាយ ២៥លានផោន ដើម្បីទិញផ្តាច់ Tammy Abraham ឲ្យក្លាយជាកីឡាកររបស់ក្លឹបជាផ្លូវការ ប៉ុន្តែយ៉ាងណាក្តី ត្រូវរងចាំមើលឳកាសឡើងមកលីគកំពូលអង់គ្លេសសារជាថ្មីជាមុនសិន ៕ធ.ដ