កម្ពុជាស្នើម៉ាឡេស៊ីដែលជាប្រធានអាស៊ានជួយអន្តរាគមន៍ ដើម្បីជំរុញឱ្យភាគីថៃឆាប់ប្រគល់កងកម្លាំងទាំង១៨នាក់មកកម្ពុជាវិញ
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់នៅរសៀលថ្ងៃទី០២ ខែសីហានេះថា ចំពោះបញ្ហាពាក់ព័ន្ធនឹងកងកម្លាំងយើងចំនួន១៨រូប ដែលកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ថៃ ចាប់តាំងពីព្រឹកព្រលឹម វេលាម៉ោង ៧:៥០នាទី ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ មកនោះ យោធាថៃបញ្ជាក់ថា ពួកគាត់មានសុខសុវត្ថិភាព ហើយរាជរដ្ឋាភិបាលកម្ពុជាកំពុងបន្តធ្វើការយ៉ាងសស្រាក់សស្រាំ ក្នុងការចរចា ដើម្បីជំរុញឱ្យភាគីថៃប្រគល់កងកម្លាំងរបស់យើងមកវិញ ឱ្យបានឆាប់រហ័សបំផុត និងមានសុវត្ថិភាព ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។
អ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាក់ថា កម្ពុជាក៏បានស្នើទៅកាន់ប្រទេសម៉ាឡេស៊ីដែលជាប្រធានអាស៊ាន សូមជួយអន្តរាគមន៍ដើម្បីជំរុញឱ្យភាគីថៃឆាប់ប្រគល់មកឱ្យយើងវិញ នូវកងកម្លាំងរបស់យើងទាំង១៨នាក់។ ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ នឹងមិនទុកសមាជិករបស់ខ្លួនណាម្នាក់ចោលនោះទេ ទោះក្នុងកាលៈទេសៈណាក៏ដោយ៕
ដោយ៖ពលជ័យ